(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការអាជ្ញាធរអាវុធគីមី ក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការចុះដោះគ្រាប់បែកគីមី ដ៏គ្រោះថ្នាក់ ដែលទម្លាប់ពីយន្ដហោះ របស់សហរដ្ឋអាមេរិក មកលើប្រជាជនខ្មែរ នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នឹងត្រូវបន្តបន្ទាប់ពីបញ្ចប់ ព្រះរាជពិធីបុណ្យអំទូកអកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។

នាយឧត្តមសេនីយ៍ ជ័យ សុន បានបញ្ជាក់ទៀតថា ការបន្តចុះប្រតិបត្តិការដោះគ្រាប់បែក គីមីរបស់អាមេរិក ដែលនឹងចុះនៅក្រោយបុណ្យអំទូក និងធ្វើឡើងមួយកន្លែងថ្មីទៀត ដែលមានចម្ងាយ៣០០ម៉ែត្រ ពីក្លោងទ្វារវត្តគគីរ ស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈទីតាំងគ្រាប់បែក ជាច្រើនទីតាំងទៀត នឹងត្រូវប្រតិបត្តិការបន្តបន្ទាប់។

បើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ ជ័យ សុន មន្ត្រីជំនាញបាននឹងកំពុងស្រាវជ្រាវទីតាំងផ្សេងៗទៀត ដែលសង្ស័យថាមានគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅឃុំគគីរ និងឃុំក្បែរៗនោះ ខណៈដែលទីតាំង១៥កន្លែងថ្មី ត្រូវបានរកឃើញ។

ពាក់ព័ន្ធនឹងគ្រាប់បែកគីមីដ៏កាចសាហាវនេះ ក្រោយពីអាជ្ញាធរអាវុធគីមី និងមន្ត្រីជំនាញរបស់ស៊ីម៉ាក់ដោះបានមួយគ្រាប់ ក្នុងបរិវេណសាលាបឋមសិក្សាគគីររួចមក សារធាតុគីមីនៅក្នុងគ្រាប់បែក ត្រូវបានយកទៅពិសោធន៍ ដោយបានរកឃើញថា សារធាតុនោះជាសារធាតុគីមីប្រភេទ Nitrogen Mustard ដែលហៅថា  Blister agents។

អាជ្ញាធរគីមីបញ្ជាក់ថា សារធាតុគីមីនោះ ជាប្រទេ Blister agents មិនមែនជាប្រភេទគីមី CS នោះទេ។ សារធាតុគីមីនេះ មានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ លើសុខភាពមនុស្សដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម។

បើតាមការបញ្ជាក់របស់លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង គិតត្រឹមព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ប្រជាពលរដ្ឋឃុំគគីរ ចំនួន១១៧នាក់ហើយ បានទៅទទួលយកការព្យាបាលនៅខេត្តស្វាយរៀង បន្ទាប់ពីពួកគាត់មានបញ្ហារមាស់លើរាងកាយ ដែលសង្ស័យថា រងផលប៉ះពាល់ដោយសារគ្រាប់បែកគីមី របស់សហរដ្ឋអាមេរិក ហើយតិចតួចបំផុត នៃអ្នកជំងឺនេះមានជំងឺផ្សេងៗ៕