(ភ្នំពេញ)៖ ក្នុងការចូលរួមអបអរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២-៣-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីប្រណាំងទូក ដើម្បីធ្វើការប្រណាំងជ្រើសរើស ទូកលឿន ទូកមធ្យម ក្នុងរាជធានីភ្នំពេញ។

ពិធីប្រណាំងទូក ដើម្បីធ្វើការប្រណាំងជ្រើសរើស ទូកលឿន ទូកមធ្យម ខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមានចូលរួមពីអភិបាលរងរាជធានី អភិបាលខណ្ឌ មន្ត្រីរាជការ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ ដែលក្នុងនោះមានការចូលរួម ពីបណ្តាខណ្ឌទាំង១២ ចំនួន៣៩ទូក។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឲ្យដឹងថា ក្រុមកីឡាករចំណុះទូក ដែលត្រូវចូលរួមប្រកួតឆ្នាំនេះ ដែលគេរំពឹងថា នឹងមានចំណុះទូក ពី១៨,០០០នាក់ ទៅ២ម៉ឺននាក់ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំ ឲ្យស្នាក់នៅលើទីតាំងដីអភិវឌ្ឍន៍ជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC លើទំហំដីជាង៣ហិកតា ដោយមានការរៀបចំតបណ្តាញទឹក, ភ្លើង, បង្គន់អនាម័យ និងទីតាំងប្រគំតន្ត្រីផងដែរ។

អ្នកនាំពាក្យបន្តថា ចំពោះទីតាំងចតទូក ត្រូវបានរៀបចំបែងចែកជា៥ មណ្ឌលតាមដងទន្លេសាប ស្ថិតនៅប៉ែកខាងជើងស្ពាន ជ្រោយចង្វាទាំងអស់ ដោយមិនអនុញ្ញាតឲ្យចត នៅខាងត្បូងស្ពាននោះទេ ដែលតាមព័ត៌មានចុងក្រោយចំនួន ទូកចូលរួមប្រកួតឆ្នាំនេះ មកពីខេត្តក្រុងទូទាំងប្រទេសមានចំនួន២៧១ទូក។ ដោយឡែករាជធានីភ្នំពេញ មាន៣៩ទូក ហើយនឹងត្រូវអុំសាកល្បង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។

លោក ភក្តី បន្ថែមថា ចំពោះបង្គន់អនាម័យទាំងចល័ត និងអចល័ត ត្រូវបានរៀបចំឡើងចំនួន៤៦៦លើ២៦ទីតាំង, ការតុបតែងលំអរភ្លើងបំភ្លឺសាធារណៈ តាមដងវិថី និងតាមសួនច្បារនានា។ ជាមួយគ្នានេះ រថយន្តសង្គ្រោះចំនួនសរុប៥៩គ្រឿង ក្នុងនោះមានរថយន្ត របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញចំនួន១៥គ្រឿង ត្រូវបានដាក់ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង រយៈពេល៣ថ្ងៃនៃពិធីបុណ្យរួមជាមួយស្តង់សង្គ្រោះចំនួន១២គោលដៅផ្សេងទៀត។

លោកបន្តថា ដោយឡែកចំពោះការរៀបចំទីតាំង សប្បាយភាព ការប្រគុំតន្ត្រី សិល្បៈ និងពិព័រណ៍មានជាង១០ទីតាំង។ ក្នុងឱកាសនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ រួមសហការជាមួយ ក្រុមហ៊ុនស៊ីនទ្រី នឹងប្រើប្រាស់កម្លាំងកម្មករចំនួន៨៥០នាក់ ដើម្បីប្រមូល និងដឹកជញ្ជូនសំរាមចេញក្រៅ ក្រុងក្នុងអំឡុងពិធីបុណ្យ រួមទាំងការបញ្ជៀសរថយន្តធំ មិនឲ្យចូលក្រុងតាមច្រកចូលរាជធានីភ្នំពេញទាំង៦។

លោកភក្តីបន្តទៀតថា ការងារសំខាន់ និងចាំបាច់មួយទៀត គឺការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដោយរៀបចំកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ក្នុងការការពារព្រះរាជពិធីបុណ្យ និងធានាបាននូវភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋដែលនឹងចូល មករាជធានីភ្នំពេញរាប់លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ។

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ ៤ ខែវិច្ឆិកា ឆ្នាំ២០១៧៕