(ភ្នំពេញ)៖ ជុំវិញករណីផ្ទុះឡកម្ដៅនៅរោងចក្រ «គ័ងស៊ុន» ដែលផលិតសរសៃអំបោះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលមកពីការដុតភ្លើងខ្លាំងពេក ហើយរហូតធ្វើឲ្យកម្ដៅឡើងហួសកម្រិតទើបបណ្ដាលផ្ទុះតែម្ដង។

ភ្នាក់ងារ Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ដោយសារតែស្ថានភាពនោះផ្ទុះខ្លាំងពេក បានធ្វើឲ្យធ្លាយទៅត្រូវរោងចក្រ២ផ្សេងទៀត ដែលនៅក្បែរនោះ រួមមាន​ រោងចក្រ ហ្វ៉ុង ស៊ីន និងអគាក្រុមហ៊ុន តាំង ប៉េងប៉ោ បណ្ដាលឲ្យខូចខាតសម្ភារៈអស់ជាច្រើនផងដែរ។

បើតាមសេចក្ដីរាយការណ៍ខាងលើនេះ ក្រោយផ្ទុះឡនៅក្នុងរោងចក្រ «គ័ងស៊ុន» បានបណ្ដាលឲ្យកម្មករ២នាក់រងរបួស ដោយឡែកនៅក្នុងរោងចក្រ ហ្វ៉ុង ស៊ីន និងអគាក្រុមហ៊ុន តាំង ប៉េងប៉ោ ដែលទទួលនូវចំហាយផ្ទុះនោះ ក៏បណ្ដាលឲ្យកម្មករចំនួន១៧នាក់ផងដែរ ដែលរងរបួសធ្ងន់ស្រាល។ ប៉ុន្ដែក្នុងគ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យជនរងគ្រោះណាម្នាក់បាត់បង់ជីវិតនោះទេ។​

គួរបញ្ជាក់ថា ករណីផ្ទុះឡកម្ដៅ នៅតាមរោងចក្រ ធ្លាប់បានកើតមានជាច្រើនករណីមកហើយ ដែលក្នុងនោះមានករណីខ្លះបណ្ដាលឲ្យ កម្មករស្លាប់ និងរងរបួសផងដែរ៕