(ភ្នំពេញ)៖ លោក ចាន់ បូរិន អគ្គនាយកវិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសំណូមពរ និងស្នើដល់អាជីវករកម្ពុជា ទាំងអស់សូមកុំទទួល​ផលិតផលគ្រឿងបរិភោគទាំងឡាយណា ដែលចេញពីក្រុមហ៊ុនគ្មានការចុះបញ្ជីផលិតផល ដែលគ្មានសញ្ញា ច.ប.ផ យកទៅផ្គត់ផ្គង់ និងចែកចាយ ដល់អិតិថជន ព្រោះនេះជាការចែកចាយ ដោយគ្មានច្បាប់ត្រឹមត្រូវ។

មុននឹងចរាចរណ៍ផលិតផលអាហារវិចខ្ចប់ទាំងឡាយ នៅលើទីផ្សារ គឺត្រូវឆ្លងកាត់ការចុះបញ្ជីផលិតផលជាមួយនឹង វិទ្យាស្ថានស្ដង់ដារ ឬជាមួយក្រសួងឧស្សាហកម្មជាមុនសិន ដើម្បីទទួលបានពាក់មី ឬកាតក្នុងការចរាចណ៍ ហើយផលិតផលដែលគ្មានសញ្ញា (ច.ប.ផ) ជាផលិតផលខុសច្បាប់ និងតម្រូវឲ្យជាប់ទោសទណ្ឌ។

ថែ្លងក្នុងកម្មវិធីអបអរសារទរ ការសម្ពោធដាក់ឲ្យប្រើប្រាស់ រោងចក្រផលិតភេសជ្ជៈប៉ូវកំលាំង ​Angkor Daily Foods លោក ចាន់ បូរិន បានថ្លែងឲ្យដឹងថា «អាជីវករទាំងអស់ត្រូវតែប្រុងប្រយ័ត្នបំផុត ក្នុងការទទួល​ផលិតផលពីក្រុមហ៊ុន និងធ្វើការចែកចាយបន្ដព្រោះគ្រប់ក្រុមហ៊ុនទាំងអស់ ដែលចែកចាយគ្មានការចុះបញ្ជីផលិតផល ត្រូវមានទោសជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី២០ដល់២៤លានរៀលថែមទៀតផង»

លោកបន្ដទៀតថា ការស្នើឲ្យអាជីវករប្រុងប្រយ័ត្ននេះ ដើម្បីកុំឲ្យមានបញ្ហាផ្សេងៗព្រោះថា ប្រសិនបើអាជីវករទទួល​ផលិតផល​ដោយគ្មានសញ្ញា (ច.ប.ផ) មិនត្រឹមតែអ្នកផលិតទេ ដែលត្រូវទទួលទោស សម្បីតែអ្នកទទួលចែកចាយក៏ត្រូវមានទោសដូចគ្នាដែរ។ កន្លងមកឃើញថា មានសមត្ថកិច្ចក្រសួងមហាផ្ទៃបានចុះអនុវត្ត និងបានចាប់របស់មួយចំនួន ដែលគ្មានការចុះបញ្ជីផលិតផលផងដែរ។

លោកក៏បានស្នើដូចគ្នា ដែលដល់ពលរដ្ឋឲ្យជួយគាំទ្រ ផលិតផលជាភេសជ្ជៈ ឬអាហារវិចខ្ចប់ទាំងឡាយ ដែលជាស្នាដៃកូនខ្មែរ។ នៅក្នុង​ប្រទេសកម្ពុជា ក្រុមហ៊ុនផលិតភេសជ្ជៈ ដែលទទួលបានវិញ្ញាបនបត្រចំនួន៤ រួមមានពីក្រសួងកសិកម្ម និងវិទ្យាស្ថានស្ដង់ដាររួមមាន ១៖វិញ្ញាបនបត្របញ្ជាក់ អំពីការអនុវត្តល្អផលិតកម្មល្អ ២៖ វិញ្ញាបនបត្របញ្ជាក់អំពីការ វិភាគពីចំណុចគ្រោះថ្នាក់ និងចំណុចត្រួតពិនិត្យចាំបាច់ ៣៖ វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពម្ហូបអាហារ និងទី៤៖​ វិញ្ញាបនបត្របញ្ជាក់ស្ដង់ដារគ្រប់គ្រងគុណភាពតាមស្ដង់ដារ ISO​9001- 2015 គឺមានតែក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកំលាំង ​Angkor Daily Foods មួយតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ទៀតថា ដើម្បីទទួលបានវិញ្ញាបនបត្រទាំង៤នេះ លុះត្រាតែក្រុមហ៊ុននេះ មានការប្ដេជ្ញាចិត្តខ្ពស់ និងប្រឹងប្រែ​ង​ព្យាយាមសព្វបែបយ៉ាង ទាំងប្រធានក្រុមហ៊ុន និងបុគ្គលិកត្រូវតែព្យាយាមលះបង់ កំលាំងកាយចិត្ត។

សូមបញ្ជាក់ថាក្រុមហ៊ុន Angkor Daily Foods នេះបានបើកសម្ភោធជាផ្លូវការហើយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ដោយមាន​ការចូលរួមពីសំណាក់លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ក្រុមហ៊ុននេះបានចំណាយទុនប្រមាណជាង១០លានដុល្លារអាមេរិក ដែលជាទុនវិនិយោគដោយផ្ទាល់របស់ក្រុមហ៊ុន ដោយពុំមាន​ការ​សហការជាមួយដៃគូរក្នុង ឬក្រៅប្រទេសឡើយ។

សូមជម្រាបថា ផលិតផលរបស់ក្រុមហ៊ុន Angkor Daily Food រួមមានទឹកផ្លែ​ឈើ​ម៉ាក 1-2 Drink ចំនួន៦រសជាតិ ទឹកផ្លែឈើម៉ាក Selfy ចំនួន៥រសជាតិ ក្នុងនោះមានរស់ជាតិផ្លែក្រូច ទឹកត្រឡាច ចាហួយខ្មៅ ប្រទាលកន្ទុយក្រពើ ទៀបបារាំង ផ្លែឈើរី ផ្លែគូលែន ស្រ្ដូបប៊ីរី និងប្ល៊ូប៊ឺរី និងភេសជ្ជៈប៉ូវកំម្លាំងម៉ាក Champion និង Red Ant៕