(កណ្តាល)៖ លោកស្រី គឹង ចាន់ឌីគន់គីម ភរិយានាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ រួមជាមួយប្រជាពុទ្ធបរិស័យ បានរួមគ្នាធ្វើអង្គកឋិនទានដង្ហែទៅកាន់កេតុបទុម ហៅវត្តតាលុន ស្ថិតនៅ ភូមិតាលុន ឃុំតាលុន ស្រុកស្អាង ខេត្តកណ្តាល ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្តនេះ ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

អង្គកឋិនទាននេះ ត្រូវបានដង្ហែ និងវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្តតាលុន នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ។ ក្នុងឱកាសនោះដែរលោកស្រី គឹង ចានឌីគន់គីម បានលើកឡើងថា ដោយមានគុណបំណាច់ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃម្ពុជា បានដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ពិសេសធានាឲ្យបាននូវស្ថេរភាពនយោបាយ ពន្លត់សង្រ្គាមរ៉ាំរ៉ៃបានទាំងស្រុងនៅកម្ពុជា។

ក្នុងឱកាសនោះលោកស្រី គឹង ចាន់ឌីគន់គីម ក៏បានប្រសិទ្ធពរជ័យដល់ពុទ្ធបរស័ទ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លា ក្នុងអង្គឋិននេះដើម្បី ចូលកសាងសមិទ្ធផលនានានៅវត្តតាលុន ដើម្បីតម្កល់មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេសសូមឲ្យវត្ថុសក្ក័សិទ្ធក្នុងលោកតាម ជួយថែរក្សាប្រមុខដឹកនាំប្រទេស និងប្រជាជនខ្មែទូទាំងប្រទេស ជួបតែសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្ត៕