(កំពង់ធំ)៖ កម្លាំងសមត្ថកិច្ច ចម្រុះស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដឹកនាំដោយលោក គង់ សុភា អភិបាលរងស្រុកសណ្តាន់ បានចុះបង្ក្រាបបទល្មើស អារឈើមួយកន្លែង ក្នុងព្រៃសហគមន៍ក្បាលខ្លា ស្ថិតក្នុងដែនអភិរក្សព្រៃឡង់ ដោយដកហូតបានរណាយន្តចំនួន២គ្រឿង ប៉ុន្តែអ្វីដែលហួសចិត្តនោះ អ្នកដែលជាប់ពាក់ព័ន្ធនឹង បទល្មើសព្រៃឈើនេះ ជាសកម្មជនការពារព្រៃនៅទីនោះផ្ទាល់។

លោក គង់ សុភា បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបសកម្មភាព កាប់ឈើខុសច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។

លោកអភិបាលរងស្រុកបានបន្តថា មានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពក្នុងព្រៃសហគមន៍ខាងលើ ប៉ុន្តែខណៈដែលកម្លាំងសមត្ថកិច្ចចុះឡោមព័ទ្ធនោះ ពួកគេបានរត់គេចខ្លួនបាត់ទៅហើយ សល់តែរណាយន្តចំនួន២គ្រឿង និងបានដកយកទៅរក្សាទុកតែម្ដង។

លោកថា ក្រោយសមត្ថកិច្ចយករណាយន្តនោះ​ទៅរក្សាទុក ស្រាប់តែមានបុគ្គលម្នាក់ឈ្មោះ ហឿន សុភាព ទូរស័ព្ទទៅសម្របសម្រួល ដើម្បីសុំយករណាយន្តនោះទៅវិញ។ បើតាមលោកអភិបាលរងស្រុក បុគ្គលឈ្មោះ ហឿន សុភាព នោះ ជាសមាជិកបណ្តាញសហគមន៍ព្រៃក្បាលខ្លា ត្រូវបានគេស្គាល់ថាជាជនសកម្ម១រូប ល្បីខាងចុះល្បាតបង្ក្រាបបទល្មើស ក្នុងដែនព្រៃឡង់។

ចំណែកឯលោក ហឿ សុភាព បានបញ្ជាក់ដែរថា លោកពិតជាបានទូរស័ព្ទទៅអភិបាលរងស្រុកសណ្តាន់ លោក គង់ សុភាព ពិតមែន ដើម្បីសុំយកនរណាយន្ត២គ្រឿងនោះវិញ ដោយហេតុថា ការអារឈើនៅក្នុងព្រៃសហគមន៍នេះ គឺលោកបានសុំការអនុញ្ញាតពីលោក វ៉ង់ សាន ប្រធានសហគមន៍ព្រៃក្បាលខ្លារួចហើយ គឺសុំដកហូតឈើមួយដើមយកទៅធ្វើជង្រុក។

លោក ហឿន សុភាព បានបន្តថា រឿងដែលលោកប្រើប្អូនរបស់ខ្លួន យករណាយន្តទៅអារឈើនោះ គាត់សារភាទទួលស្គាល់ថា វាខុសច្បាប់មែន តែសម័យនេះមិនមានអ្នកណាគេប្រើកាំបិតពូថៅទៅកាប់ឈើទេ។

នៅល្ងាចថ្ងៃដដែល ភ្នាក់ងារសារព័ត៌មាន Fresh News មិនអាចទាក់ទងលោកប្រធានសហគមន៍ព្រៃក្បាលខ្លាបានឡើយ តែទោះជាយ៉ាង នៅពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើកំណត់ហេតុបង្ក្រាបករណីខាងលើនេះ រឹបអូសយកវត្ថុតាងរណាយន្ត២គ្រឿង មករក្សាទុកនៅសាលាស្រុកសណ្តាន់ហើយ៕