(កំពត)៖ អភិបាលខេត្តកំពត លោក ចាន់ ចេស្ដា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០​១៧នេះ ដឹកនាំយុទ្ធនាការចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវនៅក្រុងកំពត ដោយមានការចូលរួមពី​លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោក ចាន់ ចេស្ដា បានចុះណែនាំដល់បងប្អូន ធ្វើដំណើរដោយទោចក្រយាន្តលើផ្លូវសាធារណៈ ដោយពុំមានពាក់មួកសុវត្ថិភាព និងបានសំណូមពរឲ្យបងប្អូនគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសពាក់មួក​ឲ្យបានគ្រប់ៗ​គ្នា ព្រោះថាមួកសុវត្ថិភាពនេះអាចចូលរួមការពារ អាយុជីវិតបងប្អួនបានមួយចំណែកធំក្នុងការជួបករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងថា ក្នុងយុទ្ធនាការនេះធ្វើឡើងដោយ ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ប៉ុន្ដែនៅពេលចែកមួកនេះ ពលរដ្ឋណាដែលធ្វើដំណើរមិនពាក់នគរបាលចរាចរណ៍ នឹងធ្វើការផាកពិន័យចំនួន១​៥,០០០រៀលសិន ហើយក្រោយផាកពិន័យរួច ទើបចែកមួកនេះតាមក្រោយដើម្បីណែនាំ។

លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា ការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងមួកសុវត្ថិភាពជូនដល់ បងប្អូនប្រជាពលរដ្ឋ គឺអនុវត្តតាមបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ប្រធានគណកម្មាធិការសុវត្ថិភាពចរាចរណ៍ថ្នាក់ជាតិ និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានគណកម្មាធិការសុវត្ថិភាពចរាចរណ៍ថ្នាក់ជាតិ។

លោកស្នងការបានបន្តថា ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ គឺយុទ្ធនាការផ្សព្វផ្សាយទូទាំងប្រទេសហើយសម្រាប់ខេត្តកំពត បានយកមួកសុវត្ថិភាពចំនួន១០០ ដែលផ្តល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្ដែថ្ងៃនេះចែកជូនបងប្អូនក្នុងក្រុងកំពត តែចំនួន១០០មួកប៉ុណ្ណោះ៕