(បន្ទាយមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឲ្យសមត្ថកិច្ចជំនាញទាំងអស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបិទច្រករបៀងទាំងអស់ និងទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ លើសពីនោះ គឺទប់ស្កាត់ពលករលួចចូលកាប់ឈើក្រញូង ព្រោះបច្ចុប្បន្ននេះ មានពលករស្លាប់ ដោយសារតែកម្លាំងយោធាថៃបាញ់សម្លាប់ក្នុង១ថ្ងៃមិនក្រោមពី១ ទៅ២នាក់នោះទេ ដែលថ្ងៃខ្លះដល់រហូតដល់៥នាក់ក៏មានដែរ។

សម្តេចក្រឡាហោម ស ខេង ជំរុញបែបនេះ ក្នុងឱកាសសម្តេចជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារស្នាក់ការប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ។

សម្តេចក្រឡាហោម ស ខេង បានបន្តថា បច្ចុប្បន្ននេះយើងដឹងថា ប្រទេសកម្ពុជាយើងមានសុខសន្តិភាព ពេញលេញទូទាំងប្រទេស គឺមាការដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា តាំងពីបាត់ដៃទទេ ហើយមានការសហការល្អជាប្រទេសជិតខាង។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានជំរុញឲ្យមន្ត្រីនគរបាលអន្តោរប្រវេសន៍ ត្រូវគោរពនូវតួនាទីរបស់ខ្លូន ឲ្យបានខ្ចប់ខ្ចួន ត្រូវបំពេញលិខិតស្នាមជូន ប្រជាពលរដ្ឋឲ្យលឿន ឆាប់រហ័យ និងអ្វីពិសេសនោះ ត្រូវពង្រឹងកិច្ចសហការល្អជាមួយប្រទេសជិតខាង មិនថា ច្រកទ្វារប៉ោយប៉ែតឡើយ ពង្រឹងនូវកិច្ចការការងារបង្ក្រាបទប់ស្កាត់ រាល់បទល្មើសទាំងអស់។

សម្តេចក្រឡាហោមបានបញ្ជាក់ថា ទីស្នាក់ការថ្មីនេះ គឺសាងសងរយៈពេល១៨ខែ ចាប់ពីថ្ងៃនេះតទៅ​មានកម្ពស់៣ជាន់ មានបន្ទប់ធ្វើការ បន្ទប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ មានបំពាក់គ្រឿងសង្ហារឹមទំនើបៗ ដែលត្រូវបានចំណាយថវិការដ្ឋទាំងស្រុង។

នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ បានថ្លែងថា ច្រកទ្វារអន្តរប៉ោយប៉ែត​ជាច្រកទ្វារឈមនឹងច្រកទ្វារអន្តរជាតិក្លោងលឹក ស្រុកអារញ្ញាប្រាថេប ខេត្តស្រះកែវ ប្រទេសថៃ មានការកើនឡើងជាបន្តបន្ទាប់នូវភ្ញៀវទេសចរ ទំនិញគ្រប់ប្រភេទ។

នាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់ថា អាគារសាងសង់ថ្មី ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា មានការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕