(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសយ៉ាងដាច់ណាត់ថា កម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចក្នុងខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ត្រូវតែទប់ស្កាត់ឲ្យខាងតែបាន ចំពោះក្រុមបាតុកម្មទាំងឡាយណា ដែលតវ៉ាប្រឆាំងនឹង សេចក្ដីសម្រេចរបស់តុលាការកំពូល លើការកាត់ទោសជនក្បត់ជាតិ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នាពេលខាងមុខ។

លោក ឃួង ស្រេង ប្រកាសដាក់កំហិតបែបនេះ ក្នុងពិធីប្រគល់រថយន្ត-ម៉ូតូ និងសម្ភារមួយចំនួន ដល់កម្លាំងនគរបាលចំណុះឲ្យខណ្ឌទាំង១២ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ។

ជាមួយនឹងការរៀបរាប់ពីស្ថានការណ៍នយោបាយនៅកម្ពុជា បច្ចុប្បន្ននេះ លោកបានបកស្រាយថា សកម្មភាពអ្វីក៏ដោយ គឺសុទ្ធតែស្ថិតនៅក្នុងរង្វង់ច្បាប់ លទ្ធិប្រជាធិបតេយ្យក៏ស្ថិតនៅក្នុងរង្វង់ច្បាប់ដែរ មិនអាចចេញពីរង្វង់ច្បាប់បានទេ កាលណាចេញពីច្បាប់ហើយ គឺបែបអាណាធិបតេយ្យហើយ ការតវ៉ាបែបអាណាធិបតេយ្យ គឺជាបទល្មើស។

លោកថ្លែងយ៉ាងដូច្នេះថា «ខណ្ឌទាំង១២ ត្រូវគិតគូរលើបញ្ហានេះ ពិនិត្យមើលឡើងវិញ (បញ្ហាបាតុកម្ម) និងមានវិធានការណ៍ឲ្យតឹងរឹងបំផុត ចំពោះអ្នកតវ៉ាជាមួយតុលាការ មិនអាចអត់ឱនបានទេ ច្រើនឆ្នាំមកហើយ ដែលបានណែនាំបញ្ហានេះ ដូចជាបញ្ហាផ្សព្វផ្សាយច្បាប់អីហ្ចឹង តែឥលូវនេះអនុវត្តច្បាប់ឲ្យតឹងរឹងបំផុត ដើម្បីរក្សាសន្តិភាពជូនប្រជាជន និងប្រទេសជាតិ មិនអាចឲ្យជនមួយចំនួនតូចមកធ្វើបាតុកម្មបានទេ»

លើសពីនេះ លោកអភិបាលរាជធានី បានកោតសរសើរចំពោះប្រជាពលរដ្ឋ ក្នុងរាជធានីយ៉ាងខ្លាំង ដែលមួយរយៈកន្លងមកនេះ មិនមានប្រតិកម្មអ្វីទៅនឹងការចាប់ខ្លួន របស់លោក កឹម សុខា មេបក្សក្បត់ជាតិ ព្រោះពួកគាត់មិនគាំទ្រទង្វើក្បត់ជាតិ របស់មេបក្សប្រឆាំងរូបនេះឡើយ ពួកគាត់មានតែសាទរចំពោះចំណាត់ទាន់ ពេលវេលារបស់រាជរដ្ឋាភិបាលថែមទៀត៕