(រតនគិរី)៖ លោក​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ ក្នុងឱកាសបើកយុទ្ធនាការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ​នាព្រឹកថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០១៧​នេះ​ បានអំពាវនាវឲ្យគ្រប់អ្នកបើកបរទាំងអស់​ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន​។​

លោកបញ្ជាក់ថា​ មន្ត្រីរាជការទាំងអស់ត្រូវតែធ្វើជាគំរូឈានមុខគេក្នុងការបើកបរ​ ជាពិសេសការប្រើប្រាស់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ​ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់អនុវត្តឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា នូវច្បាប់ចរាចរណ៍​ផ្លូវគោកថ្មី​ ដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍​ និង​គ្រោះថ្នាក់ដល់អាយុជីវិត​។​

នៅក្នុងយុទ្ធនាការដែលអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានប្រារព្ធធ្វើនាឱកាសនេះ​ បានចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋ​ដែលបើកបរពុំមានមួកសុវត្ថិភាពចំនួន​៥០០​មួក​ រួមជាមួយការណែនាំ​ អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកពីមន្ត្រីជំនាញផងដែរ​៕