(កណ្តាល)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបើកការបង្ក្រាបយ៉ាងកក្រើក ក្នុងឃ្លាំងស្តុក២កន្លែង ស្ថិតនៅក្នុងក្រុងតាខ្មៅ ដោយបានដកហូតឈើគ្រញូងចំនួន ២,៣៧៧ដុំ និងចំនួន៤១៥គីឡូក្រាមផ្សេងទៀត ព្រមជាមួយជនសង្ស័យមួយចំនួន ដែលខណៈនេះ កំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

ប្រតិបត្តិការដ៏កក្រើកពេញក្រុងតាខ្មៅនេះ ធ្វើឡើងនៅថ្ងៃទី២៣ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ដឹកនាំដោយលោក សេង គឹមឃន ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងចូលរួមដោយផ្ទាល់ពីលោក លី សុជាតិ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ដោយមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល។

មន្ត្រីនគរបាលជំនាញបានថ្លែងថា ដំបូងឡើយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្មក់ចូលបង្ក្រាប់ឃ្លាំងស្តុកឈើគ្រញូងមួយកន្លែង នៅក្រុងតាខ្មៅ រកឃើញឈើគ្រញូងចំនួន ២,៣៧៧ដុំ ស្មើនឹង ១,៨២៩ម៉ែត្រគូប និងវត្ថុតាងមួយចំនួនទៀត រួមទាំងឃាត់ខ្លួនមនុស្សចំនួន៤នាក់ទៀតផងដែរ។ ក្រោយពីវាស់វែងរួចហើយ ឈើទាំងជាង២ពាន់ដុំខាងលើ ត្រូវបានប្រគល់ទៅឲ្យជំនាញមេព្រៃយកទៅរក្សាទុក។

ក្រោយបង្ក្រាបបទល្មើសខាងលើ ជនសង្ស័យត្រូវបាននាំយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទើបដឹងថា ម្ចាស់ឈើមានឈ្មោះ សុខ ហួ ជាឈ្មួញឈើដុះស្លែ។

មន្ត្រីនគរបាលដដែលបានបន្តថា ក្រោយពីបើកការបង្ក្រាបឃ្លាំងស្តុកឈើខាងលើរួចហើយ លុះដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលខេត្តកណ្ដាល បានទៅឆែកឆេរឃ្លាំងមួយកន្លែងទៀត ដែលមានម្ចាស់ឈ្មោះ គង់ សុវណ្ណរី ភេទស្រី អាយុ៣៨ឆ្នាំ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងនោះប្រមូលបានឈើគ្រញូងចំនួន ៤១៥គីឡូក្រាម និងបានដកហូតវត្ថុតាងមួយចំនួនទៀត រួចបានប្រគល់ទៅឲ្យមេព្រៃរក្សាទុក និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។

ក្រោយការបង្ក្រាបបទល្មើសឈើនេះហើយ មានមតិមហាជនមួយចំនួន បានលើកឡើងនូវការរិះគន់យ៉ាងចាស់ដៃ លើជំនាញមេព្រៃថា មិនទប់ស្កាត់បទល្មើសព្រៃឈើ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ ភ្នាក់ងារព័ត៌មាន Fresh News មិនអាចទំនាក់ទំនងជាមួយនាយសង្កាត់រដ្ឋបាលព្រៃឈើខេត្តកណ្តាលបាននោះទេ៕