(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសៅរ៍ចុងសប្តាហ៍ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ តាមរយៈ Facebook សម្តេចបានបង្ហោះរូបថត អនុស្សាវរីយ៍មួយសន្លឹក ដែលសម្តេចតេជោបើកម៉ូតូ១គ្រឿង ឌុបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប៉ុន្តែសម្តេចតេជោ មិនបញ្ជាក់ថា រូបភាពនោះត្រូវបានថតតាំងពីឆ្នាំណានោះទេ។

ក្រៅតែពីបង្ហោះរូបភាពបើកម៉ូតូឌុបឧត្តមភរិយាហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសរសេរនូវពាក្យពេជន៍មួយចំនួនថា «តាមរយៈរូបភាពនេះ គឺបងប្អូនជនរួមជាតិ ពិតជាដឹងច្បាស់ថា ពីមុនស្រុកយើងយ៉ាងណា? មានអាគុប (ម៉ូតូ) ជិះជំនាន់នោះ ហាក់ដូចជាមានតូយ៉ូតាកាមរីជិះសព្វថ្ងៃអញ្ចឹង។ ប៉ុន្តែសព្វថ្ងៃនេះ គឺបងប្អូនបានឡើងស៊េរីលឿនណាស់ ជាមួយឡានទំនើបទាន់ សម័យពាសពេញដងផ្លូវ។ នេះគឺដោយសារប្រទេសជាតិ យើងមានសុខសន្តិភាព»

ជាមួយនឹងការរីកចម្រើនរបស់ប្រទេសជាតិ មានរថយន្តទំនើបបើកពាសពេញផ្លូវហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ បើកបរជិតឆ្ងាយ សូមគោរពច្បាប់ចរាចរណ៍ ដើម្បីសុខសវត្ថិភាពគ្រប់ៗគ្នា៕