(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក គឹម រស្មី ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការរង ក្រសួងការពារជាតិ តំណាងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បានអញ្ជើញក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយ កីឡាករទូកឈ្មោះ «ក្អែកសសែនជ័យ» របស់វត្តមុនីសុវណ្ណ ហៅវត្តជំពុះក្អែក។

មុនពេលទូកចុះដល់ទឹក ដើម្បីចូលរួមការប្រកួតថ្នាក់រាជធានី និងថ្នាក់ជាតិនាពេលខាងមុខ សម្តេចពោធិវង្ស័ អំ លឹមអេង បានប្រោសព្រំប្រសិទ្ធិពរជ័យដល់ទូក និងកីឡាករអុំទាំងអស់ ដើម្បីសេចក្តីសុខ និងជ័យជំនះលើគូប្រកួត។

ក្នុងឱកាសសំណេះសំណាលនោះផងដែរ ខណៈព្រះរាជពិធីបុណ្យអុំទូក ដែលខិតជិតចូលមកដល់នោះ ឧត្តមសេនីយ៍ឯក គឹម រស្មី បានយកនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយបានលើកឡើងពីការវិវឌ្ឍន៍ នៃសភាពការណ៍នយោបាយថ្មីៗ ជាពិសេសការទប់ស្កាត់ នូវបដិវត្តពណ៌ ដែលប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករផងដែរ។

ឧត្តមសេនីយ៍ឯក គឹម រស្មី បាននាំយកនូវអំណោយរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនទូក «ក្អែកសតេជោសែនជ័យ» រួមមាន៖ ថវិកា១០លានរៀល, ខោអាវ និងមួក១០០កំប្ល៉េ, អង្ករ៥០០គីឡូក្រាម, អង្ករ១០០កញ្ចប់ ស្មើនឹង១១០០គីឡូក្រាម ចែកជូនដល់ក្រុមគ្រួសារកីឡាករម្នាក់ៗ ទឹកបរិសុទ្ធ២០០យួរផងដែរ។

ដោយឡែកសម្តេចពោធិវង្ស័ អំ លឹមអេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តជំពុះក្អែក បានឧបថត្ថម្ភនូវថវិការចំនួន៣ពាន់ដុល្លារ៕