(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថាវរៈ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ជីវ ធា អាយុ៣១ឆ្នាំ ដាក់ពន្ធនាគារព្រៃស (ម១) ដើម្បីរង់ចាំជំនុំជំរះជាក្រោយ។ ការសម្រេចនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីតំណាងអយ្យការ បានចោទបករកាន់ជនសង្ស័យ ករណីរំលោភសេពសន្ធវៈ។

ដើមចមនៃករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៖១៥នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជីវ ធា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួល លេខ៤ ផ្លូវលំ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និង មានស្រុកកំណើតភូមិ អូរអណ្តូង ឃុំភ្នំលាវទី១ ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកនារីរងគ្រោះ ឈ្មោះថ.គ.ហ អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១ ជាប់គ្នាជាមួយបន្ទប់ ជនសង្ស័យ។

ប្រភពពីនារីរងគ្រោះ រៀបរាប់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុម៉ោង៩យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ប្អូនប្រុសស្រី២នាក់របស់នាង បានសុំចេញទៅដើរលេង រួមជាមួយមិត្តភក្តិផ្សេងទៀតនៅខាងក្រៅ។ ក្រោយពីប្អូនៗចេញទៅបាត់ នាងក៏ដេកលេង លើកន្ទេលក្នុងបន្ទប់ ដោយហត់នឿយនឹងការងារពេក ក៏លង់លក់បាត់ទៅ ដោយភ្លេចទាំងបិទទ្វារ ដាក់គន្លឹះ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យ ដើរមកចូល ចាប់ខ្លួនសង្កត់ជាប់ សម្រាតខោនាង ហើយក៍ធ្វើសកម្មភាពរំលោភ នាងបានសម្រេចរហូតដល់ទៅ២ដង រយៈពេលតែមួយភ្លេត។

ពេលនោះនាងក៏បានរើបម្រាស់រួច ស្រែកឲ្យអ្នកជិតខាងជួយ ជនសង្ស័យក៍រត់គេចចូលទៅសង្ងំ ក្នុងបន្ទប់លេខ៤របស់គេ ខ្ទាស់ទ្វារហើយនាងក៏ប្តឹងនគរបាលចាប់ និងនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តង៕