(ភ្នំពេញ)៖ អាចចាត់ទុកថា ជាដំណឹងល្អមួយសម្រាប់មន្ត្រីរាជការស៉ីវិល និងកម្លាំងប្រដាប់អាវុធផងដែរ ព្រោះនៅឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនូវសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៨រួចហើយ ដោយសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា នៅឆ្នាំ២០១៨ដ៏ខ្លីខាងមុខនេះ ប្រាក់ខែទាបបំផុតរបស់មន្ត្រីរាជការស៉ីវិល និងកម្លាំងប្រដាប់អាវុធ នឹងត្រូវកើនដល់ជាង១លានរៀល។

យោងតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ដូចឆ្នាំមុនៗដែរ រាជរដ្ឋាភិបាលបានរក្សានូវគោលការណ៍ដំឡើងប្រាប់ខែជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ចំនួន២ដងក្នុង១ឆ្នាំ គឺនៅខែមករា និងខែមេសា។ ក្រៅពីដំឡើងប្រាក់ខែរួចហើយ រាជរដ្ឋាភិបាលក៏មានផ្តល់ជូន នូវអត្ថប្រយោជន៍ផ្សេងៗទៀត។

បើតាមខ្លឹមសារសង្ខេប ស្តីពីសេចក្តីព្រាងច្បាប់ថវិកា នៅឆ្នាំ២០១៨ ប្រាក់បៀវត្សអប្បរមា (ទាបបំផុត) របស់រាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ នឹងត្រូវកើនឡើងជិត៣ដងធៀបនឹងឆ្នាំ២០១៣ ដែលមានស្ថានភាពផ្ទាស់ប្តូរដូចខាងក្រោម‌៖

* បៀវត្សមន្រ្តីរាជការស៊ីវិល ត្រូវបានដំឡើងពីចំនួន ៨៥៣​,៥០០រៀលនៅឆ្នាំ២០១៧ ដល់ប្រមាណ៩១៤​,៤៥០រៀលនៅខែមករា ឆ្នាំ២០១៨ ហើយនឹងត្រូវដំឡើងដល់ម្រមាណ ១,០១៤,៤៥០រៀល​ ចាប់ពីមេសា ឆ្នាំ២០១៨ បើធៀប២០១៣ បៀវត្សនេះមានត្រឹម ៣៤៤,០០០រៀលប៉ុណ្ណោះ។

* បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ ត្រូវបានដំឡើងពីចំនួន៩៥៣,៥០០រៀល នៅឆ្នាំ២០១៧ ដល់ប្រមាណ១,០១៤,៤៥០រៀលនៅខែមករា ឆ្នាំ២០១៨ ហើយនឹងត្រូវដំឡើងដល់១១១៤៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ បើធៀបនៅនិឆ្នាំ២០១៣ បៀវត្សគ្រូបង្រៀនមានត្រឹម ៤០០,០០០រៀល នឹងបៀវត្សគ្រូពេទ្យមានត្រឹម ៣៦០,០០០រៀលប៉ុណ្ណោះ។

* បៀវត្សនគរបាល (ពលបាលត្រី) ត្រូវបានដំឡើងពីចំនួន ៩៣៧,៩៧៧រៀល (គិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០១៧ ដល់ប្រមាណ៩៩៨,៩២៧រៀល (គិតបញ្ចូលទាំងរបបអង្ករ) ហើយនឹងត្រូវបានដំឡើងដល់ប្រមាណ ១,០៩៨,៩២៧រៀល (គិតបញ្ចូលទាំងរបបអង្ករ) ចាប់ពីខែមេសា ឆ្នាំ២០១៨ បើធៀបឆ្នាំ២០១៣ បៀវត្សនេះមានត្រឹមតែ៣៨០​០០០រៀលប៉ុណ្ណោះ។

* បៀវត្សយោធិន (ពលទោ) ត្រូវបានដំឡើងពីចំនួន៨២២,៥០០រៀល (មិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ២០១៧ ដល់ប្រមាណ៨៧៦,៥៥០រៀល (មិនគិតបញ្ចូលរបបអង្ករ) នៅខែមករា ឆ្នាំ២០១៨ ហើយនឹងត្រូវបានដំឡើងដល់ ៩៧៦,៥៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ បើគិតបញ្ចូលរបបអង្ករ ត្រូវជាប្រមាណ១,០៣៥,០២៧រៀល បើធៀបឆ្នាំ២០១៣ បៀវត្សនេះមានត្រឹម ៣១៦,០០០រៀលប៉ុណ្ណោះ។

ទន្ទីមនេះរាជរដ្ឋាភិបាល ក៍បានកែសម្រួលនូវកម្រិតអប្បបរមា នៃប្រាក់បៀវត្ស ដើម្បីអនុគ្រោះដល់មន្ត្រីរាជការគ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលទទួលបានប្រាក់បៀវត្ស ១,២០០,០០០រៀល ឬតិចជាង ឲ្យរួចផុតពីការបង់ពន្ធលើប្រាក់បៀវត្ស។

ក្រៅពីបានដំឡើងប្រាក់បៀវត្សមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធជាង១លានរៀល, រាជរដ្ឋាភិបាលក៍បានគ្រោងថវិកាចំនួន ៣០,០០០លានរៀល សម្រាប់រៀបចំ ជាមូលនិធិថែទាំសុខភាព ជូនមន្ត្រីរាជការស៊ីវិល កងកម្លាំប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ និង​ដំឡើងប្រាក់ឧបត្ថម្ភ គោលនយោបាយគាំពារសង្គមចំនួន២ទៀត ដោយអនុវត្តនៅខែមករាឆ្នាំ ២០០១៨ ដែលរួមមាន៖

* ផ្តល់ប្រាក់ឧបត្ថម្ភមាតុភាព ដល់មន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេពដែលជាស្រ្តី ដោយបង្កើតពី ៦០០,០០០រៀល ទៅចំនួន ៨០០,០០០រៀល សម្រាប់សម្រាលបាន​កូន១ និងចំនួន ១,៦០០,០០០រៀល សម្រាប់ការសម្រាលបាន​កូនភ្លោះ២​ និងចំនួន ២,៤០០,០០០រៀល​ សម្រាប់សម្រាលកូនភ្លោះ៣។

* ផ្តល់ប្រាក់ឧបត្ថម្ភបុណ្យសពមន្រ្តីរាជការស៊ីវិល ដែលទទួលបានមរណភាព ដោយក្នុងម្នាក់ៗត្រូវបានដំឡើងពីចំនួន ១,២០០,០០០រៀល ទៅ ២,០០០,០០០រៀល​ ចំពោះមរណភាពដោយជម្ងឺធម្មតា និងដំឡើងចំនួន១,៥០០,០០០រៀល ទៅ៤,០០០,០០០រៀល ចំពោះ​មរណភាព ក្នុងពេលបំពេញបេសកកម្ម ឬគ្រោះថ្នាក់ការងារ៕