(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ បានទទួលជោគជ័យ លើការដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមការពារសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ នៅក្នុងសម័យប្រជុំព្រឹទ្ធសភា លើកទី១១ នីតិកាលទី៣ ដែលរៀបចំឡើងនៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃ​កម្ពុជា។

សេចក្តីព្រាងច្បាប់ទាំងពីរនោះរួមមាន ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម និងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំ ទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសាធារណរដ្ឋប្រជាមានិតចិន។ ជាលទ្ធផល សេចក្តីព្រាងច្បាប់ទាំងពីរ ត្រូវបានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមដោយឥតកែប្រែ ជាមួយសម្លេងគាំទ្រចំនួន ៤៨ នៃសមាជិកព្រឹទ្ធសភាទាំងមូល។

គួររំលឹកដែរថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ សេចក្តីព្រាងច្បាប់ទាំងពីរនេះ ក៏ត្រូវបានរដ្ឋសភានៃ​កម្ពុជា ធ្វើការអនុម័តយល់ព្រម ក្នុងសម្លងគាំទ្រ​៦៧លើ៦៧ នៃចំនួនសមាជិករដ្ឋសភាទាំងអស់ ដែលនេះគឺជាជោគជ័យ និងជាមោទនភាពថ្មីមួយទៀត សម្រាប់ក្រសួងពាណិជ្ជកម្ម នៅក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ។

តាមរយៈការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាខែតុលា ឆ្នាំ២០០៤ កម្ពុជា មានកាតព្វកិច្ចរៀបចំលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅក្នុងប្រទេស។

សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ត្រូវបានតាក់តែងស្របជាមួយកិច្ចព្រមព្រៀងនានារបស់អង្គការ WTO ដោយចែកចេញជា​៦ជំពូក និង​៤៥មាត្រា។ ច្បាប់នេះមានគោលដៅការពារឧស្សាហកម្មកម្ពុជា ពីផលប៉ះពាល់ នៃការនាំចូលទំនិញឧបត្ថម្ភធន ការលក់បង្ខូចថ្លៃ និងការហូរចូលយ៉ាងគំហុក នៃទំនិញបរទេសមកកាន់ទីផ្សារកម្ពុជា។

ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម នឹងអនុញ្ញាតឲ្យរាជរដ្ឋាភិបាល ធ្វើការដំឡើងអត្រាពន្ធឧបាស្រ័យពាណិជ្ជកម្ម ទៅលើផលិតផលនាំចូល​ដែលអាចបង្កមហន្តរាយ ដល់ឧស្សាហកម្មកម្ពុជា លើសពីអត្រាពន្ធដែលកម្ពុជាបានចង (Bound Rate) និងសន្យានៅក្នុងក្របខ័ណ្ឌអង្គការ WTO ក្នុងគោលបំណងផ្តល់ទំនុកចិត្ត និងការពារវិនិយោគិនក្នុងស្រុក និងបរទេស ដែលបានបណ្តាក់ទុនរកស៊ីនៅកម្ពុជា។

ចំណែកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានតាក់តែងឡើង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាស៊ាន-ចិន តាមរយៈការតភ្ជាប់សេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការបន្តធ្វើឲ្យប្រសើរឡើងនូវបែបបទគយ ការពង្រីកសេរីភាវូបនីយកម្ម ពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគ ព្រមទាំងការបន្តអនុវត្តវិធានការនានា សំដៅជំរុញកិច្ចច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន៕