(ព្រះវិហារ)៖ លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជិតឆ្ងាយ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ បានផ្ដួចផ្តើមដង្ហែអង្កកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ មរតកតេជោបុរីស្វារៈ ហៅវត្តធម្មជាតិ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ។

តំណាងរាស្ត្រ សួស យ៉ារ៉ា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានលើកឡើងពីបញ្ហាសុខសន្តិភាព ដែលកើតមានឡើង នៅក្នុងប្រទេសយើងបច្ចុប្បន្នដែលធ្វើឲ្យប្រជាពលរដ្ឋ យើងមានឱកាស ក្នុងការប្រកបរបរចិញ្ចឹមជីវិតផ្សេងៗ ពិសេសគឺយើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង ដូចជាការធ្វើដំណើរការធ្វើបុណ្យទានផ្សេងៗ។

លោកបញ្ជាក់ថា បើគ្មានសន្តិភាពទេ យើងក៏មិនបានជួបជុំគ្នា បានធ្វើបុណ្យជាមួយគ្នា ដូចថ្ងៃនេះដែរ។

តំណាងរាស្ត្រ សួស យ៉ារ៉ា និងលោក អ៊ុន ចាន់ដា ក៏បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ត្រូវចូលរួមថែរក្សាការពារសន្តិភាពនេះ ឲ្យនៅគង់វង្ស ដើម្បីឲ្យប្រទេសរបស់យើងកាន់ តែមានការអភិវឌ្ឍន៍បន្តទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

សូមបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទានសាមគ្គីនេះ សរុប៤៤,៤៤៤,០០០រៀល៕