(ភ្នំពេញ)៖ ​នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនសង្ស័យចំនួន៦១នាក់ ស្រី​១៣នាក់ ពាក់ព័ន្ធករណីគំរាមជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត (VOIP) ចេញពីប្រទេសកម្ពុជា។

លោកឧត្តសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ​ជនជាតិចិនទាំងអស់នេះ នឹងត្រូវបញ្ជូនទៅ​កាន់ខេត្ត Quangdong, ខេត្ត Henan និងខេត្ត Chungsing ទៅកាន់ប្រទេសចិន តាមច្រកទ្វារអន្តរជាតិភ្នំពេញ ដោយជើងយន្តហោះលេខ CZ3002។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ​កាលពីថ្ងៃទី១៧ ខែ១០ ឆ្នាំ២០១៧ និងឃាត់ខ្លួននៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧​ ជាប់ពាក់ព័ន្ធករណីគំរាមជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត។

សូមរំលឹកថា កន្លងទៅនេះកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ​ក៏ធ្លាប់បានបណ្ដេញជនជាតិចិន ដែលពាក់ព័ន្ធករណីគំរាមទារប្រាក់នេះ ចេញពីកម្ពុជាជាច្រើនរយនាក់រួមមកហើយផងដែរ៕