(កំពង់ចាម)៖ សមាជិកក្រុមប្រឹក្សាឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ម្នាក់ទៀតហើយ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសុំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស, នេះបើលិខិតស្នើសុំដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។

សមាជិកក្រុមប្រឹក្សាឃុំស្រករូបនេះ គឺលោក អុល ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ តាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាសមាជិកក្រុមប្រឹក្សាឃុំស្រក នៃគណបក្សសង្រ្គោះជាតិ (CNRP)។

យោងតាមលិខិតប្រកាសចាកចេញ ពីគណបក្សសង្គ្រោះជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៨ ខែតុលានេះ លោក អុល ពៅ បានបញ្ជាក់ថា «ពីមុនខ្ញុំបាទ នឹកស្មានដល់ថាការតស៊ូដណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយពីខ្ញុំបាទបានឃើញឃ្លឹបវីដេអូ (Video) និងសកម្មភាពជាក់ស្ដែងនៃការញ៉ុះញ៉ង់បំបែកបំបាក់ខ្មែរជាពីរ»។

លោក អុល ពៅ បានបន្ដទៀតថា «លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ (CNRP) សុខចិត្តអោនក្បាលបំរើបរទេស គឺដើម្បីតែអំណាច មិនគិតពីមហន្ដរាយរបស់ជាតិមាតុភូមិ នេះហើយជាអំពើក្បត់ជាតិ។ ហេតុដូចនេះ​ ហើយបានជាខ្ញុំបាទ សុំមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ»

សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយតំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕