(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ បានរំលឹកប្រាប់ដល់សិស្សានុសិស្សថា រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យក្លឹបទាំងអស់នៅរាជធានីភ្នំពេញ បើកនៅពេលថ្ងៃនោះទេ ព្រោះអាចឲ្យសិស្សមួយចំនួនគេចសាលាចូលក្លឹប ធ្វើឲ្យខូចអនាគត។

ការរំលឹកបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ឃួង ស្រេង និងលោកស្រី អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចែករង្វាន់សិស្សពូកែ រាជធានីភ្នំពេញ ឆ្នាំ២០១៦-២០១៧ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ក្លឹបទាំងអស់នៅភ្នំពេញ មិនឲ្យបើកនៅពេលថ្ងៃទេ ព្រោះអាចឲ្យក្មួយៗជាសិស្សានុសិស្សមួយចំនួន គេចសាលាចូលក្លឹបធ្វើឲ្យខូចអនាគត។ នេះជាការគិតគូរដ៏វែងឆ្ងាយមួយ របស់ថ្នាក់ដឹកនាំរបស់យើង ធ្វើយ៉ាងណាជំរុញឲ្យសិស្សប្រឹងប្រែងសិក្សារៀនសូត្រ មិនគេចសាលារៀន។

លោក ឃួង ស្រេង បានថ្លែងថា ក្មួយៗសិស្សានុសិស្សទាំងអស់ ពិតជាមានសំណាងណាស់ ដែលបានសិក្សារៀនសូត្រពេញលេញ ដោយសារតែប្រទេសជាតិ គ្មានសង្គ្រាមក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោកអភិបាលរាជធានី ក៏បានលើកឡើង ពីការចាប់ខ្លួនរបស់លោក កឹម សុខា ដែលមានទោសក្បត់ជាតិ ចង់ធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល។ លោកបញ្ជាក់ថា បដិវត្តពណ៌នេះហើយ បានធ្វើឲ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាម រហូតធ្លាក់ចូលរបបខ្មែរក្រហម សម្លាប់ប្រជាពលរដ្ឋយ៉ាងរង្គាល។ ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាលទប់ស្កាត់យ៉ាងដាច់ខាត មិនឲ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមទៀតទេ។

ពិធីប្រគល់រង្វាន់នោះ ត្រូវប្រគល់ដល់សិស្សពូកែអន្តរជាតិចំនួន៦នាក់, សិស្សពូកែរាជធានី ជាប់ជ័យលាភីទូទាំងប្រទេសចំនួន១៨នាក់ ដែលក្មួយៗទាំងនេះ ទទួលបានមេដាយមាស២នាក់ មេដាយប្រាក់២នាក់ មេដាយសំរិទ្ធ២នាក់ វិញ្ញាបនប័ត្រសិស្សពូកែទូទាំងប្រទេសចំនួន១២នាក់។

សិស្សពូកែទូទាំងរាជធានីចំនួន៣០នាក់ សិស្សប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិន្ទេស A ចំនួន១៩៤នាក់។ ប្រគល់រង្វាន់សិស្សទទួលចំណាត់ថ្នាក់លេខ១ ចំនួន១១៣១នាក់, លេខ២ ចំនួន១១១៧នាក់, លេខ៣ ចំនួន១១៤០នាក់៕