(ភ្នំពេញ)៖ នៅពេលនេះបញ្ហាផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ បានឈានដល់ចំណុចដ៏រសើបមួយហើយ រហូតដល់ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្ស សង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បានផ្ញើលិខិតដ៏សំងាត់មួយជូនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ដោយប្រាប់ឲ្យលោក កឹម សុខា ឲ្យដឹងថា​ មុននឹងចេញសេចក្តីសម្រេចសំខាន់ៗណាមួយត្រូវមានកុងសង់ស៊ីស ត្រូវមានការឯកភាព ពីមនុស្សសំខាន់ៗ៣រូបគឺ លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ។

លិខិតរបស់លោក សម រង្ស៊ី ផ្ញើជូនលោក កឹម សុខា​ កាលពីថ្ងៃទី២៤ ខែតុលា ដែលត្រូវបានទម្លាយដោយមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា៖ «ដើម្បីដោះស្រាយបញ្ហាខ្លះៗ ដែលមិត្តភក្តិរបស់យើង កំពុងតែជួបប្រទះ ខ្ញុំសូមរំលឹកឯកឧត្តមពីសេចក្តីសម្រេច របស់យើងទាំងពីរនាក់ ក្នុងជំនួបចុងក្រោយរបស់យើង។ យើងបានសម្រេចថា នឹងរក្សាស្មារតី កុងសង់ស៊ីស (Consensus) ក្នុងការធ្វើសេចក្តីសម្រេច ដ៏សំខាន់នីមួយៗ ពីមុន កុងសង់ស៊ីល ហ្នឹង គឺកើតចេញពីការឯកភាពគ្នា រវាងរូបឯកឧត្តម និងរូបខ្ញុំ ទាំងពីរនាក់ តែឥឡូវនេះកុងសង់ស៊ីសនេះ ត្រូវកើតចេញ ពីការឯកភាពគ្នា រវាងរូបឯកឧត្តម និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ៣រូបទៀត ដែលយល់ចិត្តខ្ញុំច្បាស់គឺលោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ។ ពេលណាគណបក្សត្រូវធ្វើសេចក្តីសម្រេចដ៏សំខាន់ៗ ដូចជាការជ្រើសរើសបេក្ខជន សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាខាងមុខ សូមឯកឧត្តមមេត្តា ស្វែងយកយោបល់របស់សហការីទាំងបីនាក់នេះផង ដើម្បីធ្វើសេចក្តីសម្រេចដោយឯកច្ឆន្ទ»។

ដើម្បីបញ្ជាក់បន្ថែមពីលើលិខិតរបស់លោក សម រង្ស៊ី ផ្ញើជូនលោក កឹម សុខា, កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍តាមរយៈវិដេអូមួយពីប្រទេសអ៉ីតាលី ប្រកាសឱ្យសមាជិក និងអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ កុំទទួលយកសេចក្តីសម្រេចណាមួយដែលចេញដោយ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៊ី បានប្រកាសថា រាល់សេចក្តី សម្រេចណាមួយ ដែលចេញដោយ លោក កឹម សុខា ពេលនេះ នឹងមិនអាចយកជាការបាននោះទេ ដោយសារតែ លោក កឹម សុខា កំពុងត្រូវបានឃុំខ្លួន។ លោកបានបន្តទៀតថា សេចក្តីសម្រេចដែលអាចយកជាផ្លូវការបាន គឺសេចក្តីសម្រេចដែលចេញដោយមតិសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍។

លោក សម រង្ស៊ី បានប្រកាសយ៉ាងដូច្នេះថា «ខ្ញុំបារម្ភហើយអាណិត លោកប្រធាន កឹម សុខា។ លោកអត់មានសេរីភាពទៀតទេ ដូច្នេះលោកមិនអាចធ្វើសេចក្តីសម្រេចបានត្រឹមត្រូវទេ។ តាមផ្លូវច្បាប់សេចក្តីសម្រេចដែលធ្វើដោយការគំរាមកំហែង មិនអាចយកជាការបានទេ។ ឥឡូវនេះ លោក កឹម សុខា គឺស្ថិតនៅក្រោមការគំរាមកំហែង ដូច្នេះសេចក្តីសម្រេច សេចក្តីប្រកាសអ្វីដែលចេញដោយ លោក កឹម សុខា យើងជឿជាក់ថា មិនមែនជាសេចក្តីសម្រេចរបស់គណបក្សពិតប្រាកដទេ»។

ស្របពេលដែលស្ថានភាពផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ កំពុងតែរង្គើនេះ, លោក សេង ម៉ារឌី មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ កូតា សម​ រង្ស៊ី តំណាងឲ្យបេក្ខជនដែលដាក់ពាក្យសុំឈឈ្មោះជា សមាជិកព្រឹទ្ធសភា ចំនួន១០នាក់ បានធ្វើលិខិតផ្លូវការមួយគោរពជូន គណៈកម្មាធិការអចិន្រៃ្តយ៍គណបក្ស ដោយស្នើសុំដកពាក្យចេញពីបញ្ជីបេក្ខជនព្រឹទ្ធសភា អាណត្តិទី៤ ឆ្នាំ២០១៨ ភូមិភាគ៨ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី (លិខិតខាងក្រោម)។

ចំណែកលោក សោ ចាន់ដេត មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ កូតា សម​ រង្ស៊ី តំណាងឲ្យបេក្ខជនដែលដាក់ពាក្យសុំឈរឈ្មោះជា សមាជិកព្រឹទ្ធសភា ចំនួន១៧នាក់ បានធ្វើលិខិតផ្លូវការមួយគោរពជូន គណៈកម្មាធិការអចិន្រៃ្តយ៍គណបក្ស ដោយស្នើសុំដកពាក្យចេញពីបញ្ជីបេក្ខជនព្រឹទ្ធសភា អាណត្តិទី៤ ឆ្នាំ២០១៨ ភូមិភាគ៤ ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន (លិខិតខាងក្រោម)។ ដូច្នេះសរុបទាំងពីរ បេក្ខជនដែលស្នើសុំដកពាក្យឈរឈ្មោះជាសមាជិកព្រឹទ្ធសភា មានចំនួនរហូតដល់២៧នាក់។

អ្វីដែលពិសេសទៀតនោះ គឺមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដដែលរូបនោះក៏បានទម្លាយនូវបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៤ សរុបទូទាំងប្រទេសតាមលំដាប់ អាទិភាពពីខ្ពស់មកទាប។ ដែលបញ្ជីបេក្ខជនឈរឈ្នោះនេះត្រូវបានចុះហត្ថលេខាដោយលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧៕

វិដេអូលោក សម រង្ស៊ី ចេញសេចក្តីថ្លែងពីប្រទេសអ៉ីតាលី ហាមលោក កឹម សុខា ចេញសេចក្តីសម្រេចសំខាន់ៗ

 

ខាងក្រោមនេះជាបញ្ជីបេក្ខជនឈរឈ្នោះ ដែលត្រូវបានចុះហត្ថលេខាដោយលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ