(ភ្នំពេញ)៖ មជ្ឈមណ្ឌលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៧ លើកទី៧ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៧។

ក្នុងឱកាសបើកពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៧ នាថ្ងៃទី២៧ ខែតុលា លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា សិស្សនិស្សិត យុវជនដែលកំពុងស្វែងរកការងារធ្វើ និងអ្នកចង់ដឹងពីតម្រូវការទីផ្សារការងារ គួរតែទៅចូលរួមទស្សនាពិព័រណ៍ការងារ និងផលិតភាពការងារជាតិនេះ។

លោក ពេជ សោភ័ន បានបន្តថា ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ មិនត្រឹមតែផ្ដល់ឱកាសការងារជាក់ស្ដែងប៉ុណ្ណោះទេ ថែមទាំងផ្ដល់ឲ្យយុវជន សិស្សនិស្សិតយល់ថា អ្វីដែលទទួលបានពីការងារ ដូចជាប្រាក់ចំណូលច្រើននោះ ក៏អាស្រ័យលើផលិតភាពការងាររបស់បុគ្គលិកការងារទាំងនោះដែរ ព្រោះដើម្បីប្រាក់ខែច្រើន ទាល់តែបុគ្គលិកការងារបង្កើនផលិតភាពការងារដល់គ្រឹះស្ថានការងារផងដែរ។

មួយវិញទៀត ពិព័រណ៍ការងារនេះ ក៏ជាសញ្ញាណមួយប្រាប់ទៅយុវជន សិស្សនិស្សិតឲ្យបានឃើញថា ប្រភេទការងារអ្វីខ្លះដែលទីផ្សារការងារត្រូវការច្រើន ដើម្បីឲ្យពួកគេខិតខំសិក្សារៀនសូត្រផ្តោតលើជំនាញទាំងនោះ។ ចំណែកគ្រឹះស្ថានអប់រំក៏នឹងបានយល់ដឹងថា ប្រភេទការងារណាខ្លះ ដែលទីផ្សារការងារត្រូវការច្រើន ដើម្បីបន្ថែមមុខវិជ្ជាអប់រំដល់សិស្សនិស្សិតបន្ថែម។

បើតាមលោក ហៃ ហ៊ុនឡេង អនុប្រធាន NEA ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៧នេះ នឹងមានអ្នកចូលរួមទស្សនាជាង៣ម៉ឺននាក់ ជាមួយឱកាសការងារគ្រប់ប្រភេទ២ម៉ឺនមុខតំណែង។ សម្រាប់ឆ្នាំ២០១៧នេះ ឱកាសការងារគ្រប់ប្រភេទប្រមាណ២ម៉ឺនមុខតំណែង ដែលផ្ដល់ដោយក្រុមហ៊ុនធំៗជាង១២០ មកពីវិស័យសំខាន់ៗ ដូចជា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ទូរគមនាគមន៍ ការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជនជាដើម នឹងត្រូវបានតាំងបង្ហាញ នៅក្នុងបញ្ជរសរុបចំនួន ២១៦ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៧ ខាងមុខនោះ នៅអគារពិព័រណ៍កោះពេជ្រ។

លោកបន្តទៀតថា ក្រៅពីទទួលបានការងាររាប់ម៉ឺនកន្លែង អ្នកចូលរួមនឹងទទួលបានព័ត៌មានពីផែនការ តម្រូវការ និងគោលនយោបាយ ក្នុងការជ្រើសរើសកម្លាំង ពលកម្មនាពេលបច្ចុប្បន្ន និងអនាគត កម្មវិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញ។

បន្ថែមលើនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៧នេះ នឹងចូលរួមលើកកម្ពស់ការយល់ដឹងពីផលិតភាព របស់កម្មករនិយោជិត តាមរយៈការបង្ហាញ អំពីវិធីសាស្ត្របំពេញការងារ គំនិតច្នៃប្រឌិតថ្មីជំនាញបច្ចេកវិទ្យា និងឧបករណ៍ដែលការបង្កើតប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងការងារ ឬអាជីវកម្មឲ្យកាន់តែប្រសើរ។ វាគ្មិនជាតិ-អន្តរជាតិល្បីៗនឹងចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អលើប្រធានបទ ពាក់ព័ន្ធការបង្កើនផលិតភាព ប្រកបដោយភាពជោគជ័យកន្លងមក។

លោក ហ៊ុនឡេង បានបន្ថែមថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៧ គឺជាការជំរុញយន្តការវេទិកា ការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីលើកកម្ពស់វិស័យការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា ជាពិសេសសំដៅផ្ដល់ឱកាសទូលំទូលាយ ដល់កម្លាំងពលកម្មទាំងមានជំនាញ និងមិនមានជំនាញឲ្យទទួលបានការងារកាន់តែប្រសើរ ចំណេញពេលវេលា កាត់បន្ថយចំណាយ និងទទួលបានប្រាក់ចំណូលខ្ពស់។

លើសពីនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិក៏រួមចំណែកកាត់បន្ថយគម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការជំនាញនៅក្នុងទីផ្សារការងារ ព្រមទាំងបង្កភាពងាយស្រួលដល់យុវជន ដែលត្រូវឈានចូលទីផ្សារការងារ ក្នុងការទទួលបានការងារបន្ទាប់ពីបញ្ចប់ការសិក្សានៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

ដើម្បីទទួលបានឱកាសការងារ និងការយល់ដឹងអំពីការបង្កើតផលិតភាពយុវជនសិស្ស-និស្សិត អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ កុំភ្លេចយកប្រវត្តិរូបសង្ខេបមកជាមួយ ដើម្បីដាក់ពាក្យស្នើសុំការងារ ដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម៕