(កណ្ដាល)៖ កម្លាំងនៃគណៈបញ្ជាការឯកភាពស្រុកស្អាង បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជលផល នៅចំណុចអាងទឹក ឃុំព្រែកអំបិល និងឃុំក្រាំងយ៉ូវ ដោយដកហូតបានវត្ថុតាងលូស្បែមុង និងសម្ភារៈពាក់ព័ន្ធជាច្រើន និងកូនត្រីចម្រុះជាង២០០គីឡូក្រាមផងដែរ ដែលត្រូវប្រលែងចូលទឹកវិញ។

លោក វ៉ិត ធារិទ្ធ នាយខណ្ឌជលផលខេត្តកណ្ដាល បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដឹកនាំដោយលោក ម៉ៅ តារា អភិបាលរងស្រុកស្អាង និងមានការចូលរួមពី នាយរងផ្នែកបាសាក់ នាយរងសង្កាត់ជលផលស្អាង ល្វាឯម អាវុធហត្ថស្រុក។

បើតាមនាយខណ្ឌជលផលរូបនេះ ជាលទ្ធផលនៃប្រតិបត្ដិការ សមត្ថកិច្ចដកហូតបាន លូស្បៃមុង១៣៥មាត់, របាំងព្រួលស្បៃមុងប្រវែង១០,៥០០ម៉ែត្រ, បង្គោលឬស្សីតូចធំ ចំនួន៥,២៥០ដើម និងចាប់ប្រលែងកូនត្រីចម្រុះ១៧០គីឡូក្រាម។ ដោយឡែក នៅចំណុចភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ដកហូតបាន លូវស្បៃមុង៦៥មាត់, របាំងព្រួលស្បៃមុងប្រវែង១,៩០០ម៉ែត្រ, បង្គោលឬស្សីតូចធំ៩០០ដើម និងចាប់ប្រលែងត្រីចម្រុះ៥២គីឡូក្រាម។

ក្រោយដកហូតបានវត្ថុតាងទាំងអស់នោះ ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែងតែម្ដង។

សូមជម្រាបថា ប្រតិបត្តិការនេះការបង្ក្រាបនេះ ត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះរាយការណ៍ថា មានឧបករណ៍នេសាទទាំងនេះ ក្នុងមួយខ្សែៗ ជិត១០០០ម៉ែត្រ ទៅជាង១០០០ម៉ែត្រ លាតបាំងសន្ធឹងចំច្រកផ្លូវទឹកហូរចេញ ធ្វើឲ្យប្រជាពលរដ្ឋអ្នកប្រកបរបរដំណាំស្រូវប្រាំង មានការព្រួយបារម្ភពីភាពយឺតយ៉ាវ ក្នុងការសាបព្រោះដំណាំស្រូវប្រាំងរបស់ពួកគាត់ ដោយសាររបាំងទាំងនេះស្ទះផ្លូវទឹកហូរយឺត៕