(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ Facebook ជំនាញខាងទម្លាយអាថ៌កំបាំងអ្នកនយោបាយបានបន្តទម្លាយយ៉ាងដូច្នេះថា «លោក លឺ ឡាយស្រេង និងលោកស្រី គី លំអង ភ័យស្លន់ស្លោរ ក្រោយការប្រមាថធ្ងន់ធ្ងរលើព្រះចេស្តាព្រះមហាក្សត្រ និងសម្តេចក្រុមព្រះ។ លោកស្រី គី លំអង ទទួលស្គាល់ការពិត អំពីការប្រមាថព្រះមហាក្សត្រ ដែលផេកសីហា បានទម្លាយការសន្ទនាគ្នាជាមួយលោក លឺ ឡាយស្រេង កាលពីព្រឹកមិញ។ នេះបើយោងតាមការបែកធ្លាយជាថ្មីនៃការឆ្លើយឆ្លងគ្នាជាមួយលោក លឺ ឡាយស្រេង នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ។

លោកស្រី គី លំអង បានតេទៅលោក លឺ ឡាយស្រេង កាលពីវេលាម៉ោងប្រមាណ២ និង៣០នាទីរសៀលថ្ងៃនេះ ជាមួយនឹងការទទួលស្គាល់ថា រូបគាត់ពិតជាបានទាក់ទងឆ្លើយឆ្លងគ្នា និងបានប្រើពាក្យសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះមហាក្សត្រប្រាកដមែន»

សូមជំរាបថា ភ្លាមៗបន្ទាប់ពីសម្លេងសន្ទនាប្រមាថព្រះចេស្តាដ៏ធ្ងន់ធ្ងរជាទីបំផុតចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ និងជេរប្រមាថ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានបែកធ្លាយនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដោយនៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម នឹងដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ និងជេរប្រមាថសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ។

ការប្រកាសប្តឹងលោក លឺ ឡាយស្រេង ភ្លាមៗនេះធ្វើឡើងបន្ទាប់ពីសម្លេងសន្ទនារបស់លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានរយៈប្រមាណជាង៤នាទី ត្រូវបាន Facebook ជំនាញខាងទម្លាយរឿងអាស្រូវរបស់អ្នកនយោបាយឈ្មោះ សីហា បង្ហោះនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ៕

ខាងក្រោមនេះជាវីដេអូនៃសំឡេងបែកធ្លាយ៖