(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានព្រះបន្ទូលថា នៅពេលខាងមុខ ទោះបីមិនមាន គណបក្សសង្រ្គោះជាតិ ប៉ុន្តែប្រទេសកម្ពុជានៅតែប្រទេសរាជានិយម ដើរស្របនឹងរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយរបបនេះឱ្យតែមាន គណបក្សប្រជាជនកម្ពុជា និងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គឺគ្រប់គ្រាន់ណាស់ទៅហើយ។

ការមានបន្ទូលបែបនេះ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅឯព្រះរាជដំណាក់របស់ព្រះអង្គ ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ អំពីស្ថានភាពនយោបាយ នៅកម្ពុជា។

នៅក្នុងកិច្ចសម្ភាសផ្តាច់មុខនោះ សម្តេចក្រុមព្រះ បានរិះគន់យ៉ាងខ្លាំងខ្លាចំពោះសហគមន៍អន្តរជាតិ រួមទាំងអ្នកនយោបាយមួយចំនួន ដែលបានលើកឡើងផ្ទុយ នឹងខ្លឹមសារសេរីពហុបក្សដោយថា បើអត់ពីគណបក្សសង្រ្គោះជាតិទៅ កម្ពុជាមិនមែនជាប្រទេស ប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សទៀតនោះ។ សម្តេចក្រុមព្រះបានមានព្រះបន្ទូលបញ្ជាក់ថា របបប្រជាធិបតេយ្យ សេរីពហុបក្ស មិនចាំបាច់តែមានគណបក្សប្រឆាំងនោះឡើយ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានបន្ទូលពន្យល់យ៉ាងដូច្នេះថា៖ «ពហុបក្សនេះ គេមិននិយាយថា ទាល់តែមានគណបក្សប្រឆាំងទេ គឺចាប់ពី ២បក្សឡើងទៅ គឺគេហៅថាពហុបក្សហើយ។ មានតែខ្ញុំគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា បានហើយគឺគ្រប់គ្រាន់»។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ពេលនេះ កំពុងប្រឈមនឹងពាក្យបណ្តឹងរំលាយគណបក្ស នៅតុលាការកំពូល បន្ទាប់ពីវីដេអូមួយរបស់ លោក កឹម សុខា ដែលបានសារភាពអំពីការ ឃុបឃិតគ្នាជាមួយបរទេស ដូចជាការធ្វើតាមការបង្គាប់របស់បរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។

បើតាមអត្ថន័យនៃវិសោធនកម្មច្បាប់បោះឆ្នោតទាំង៤ថ្មី ដែលទើបនឹងឆ្លងផុតព្រឹទ្ធសភា នាថ្មីៗនេះ បានឱ្យដឹងថា ក្នុងករណីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ អាសនៈរបស់គណបក្សនេះ នៅក្នុងរដ្ឋសភា នឹងត្រូវបែងចែកជូនគណបក្សចំនួន៥ ដែលបានចូលរួមក្នុងការបោះឆ្នោត នៅឆ្នាំ២០១៣ ក្នុងនោះតាមការគណនា គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងទទួលបានកៅអីច្រើនជាងគេ រហូតដល់៤១អាសនៈ៕