(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ចេញរបាយការណ៍ នៃការរកឃើញគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិក នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោយសហរដ្ឋអាមេរិក ចេញសេចក្តីថ្លែងការណ៍ លើកឡើងថា អាជ្ញាធរកម្ពុជា បានរកឃើញគ្រាប់បែបនេះ យូរយាណាស់មកហើយ ប៉ុន្តែទើបរកឃើញនៅពេលនេះ ដើម្បីកេងចំណេញនយោបាយ។

លោក ហេង រតនា បានបញ្ជាក់ថា «យើងសង្កេតឃើញថា​ មានអ្នកខ្លះដាក់ជាសំនួរថា​ ហេតុអី្វបានជាបញ្ហាគ្រាប់បែកគីមី ស្ថិតនៅភូមិគីគីរ​ ឃុំគគីរ​ ស្រុករមាសហែក​ ខេត្តស្វាយរៀង​ ទើបតែភ្ញាក់ផ្អើលពេលនេះ​ ឬហេតុអី្វទើបតែដឹងពេលនេះ? សុំបញ្ជាក់ថា ករណីនេះ​ ប្រជាពលរដ្ឋគាត់​ដឹងតែគ្រាប់បែកៗ​ មិនចាប់អារម្មណ៍ជាគ្រាប់បែកអាវុធគីមីនោះទេ!​។ ករណីទាញការចាប់អារម្មណ៍នោះ គឺនៅពេលវត្តគគីរ ត្រូវធ្វើការសាងសង់សាលាឆាន់ឡើងវិញ​ ហើយត្រូវការធានាសុវតិ្ថភាពសាងសង់ ទើបក្រុមស៉ីម៉ាក់ចុះទៅជួយអន្តរាគមន៍​ តែពេលក្រុមទៅដល់​ដោយផ្អែកតាមសាក្សី ក្រុមជំនាញមានការសង្ស័យថា មិនមែនជាគ្រាប់បែកធម្មតាទេ​ ក៏រាយការណ៍មកទីបញ្ជាការកណ្តាលភ្នំពេញ​។​ នេះជានីតិវិធីនៃបទដ្ឋានការងារ​ មិនអនុញ្ញាតិឲ្យបើកប្រតិបតិ្តការ ដោយប្រថុយប្រថាននោះទេ។​ ខ្ញុំក៏ចាត់ក្រុមស្រាវជ្រាវពិសេសមួយពីភ្នំពេញ​ ចុះទៅស្រាវជ្រាវលំអិត​ ទើបកំណត់អត្តសញ្ញាណថា​ គ្រាប់បែកនោះគឺជាគ្រាប់បែកអាវុធគីមី!​ ពេលវេលានោះ គឺថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧​ ដែលក្រុមស៉ីម៉ាក់ និងអាជ្ញាធរជាតិគីមី មិនអាចប្រតិបតិ្តការបានដោយសិស្សកំពុងរៀនសូត្រ​ ហើយពេលនេះសិស្សចូលវិសម្សកាល ទើបចាប់ប្រតិបតិ្តការតែម្តង។

លោកបញ្ជាក់ទៀតថា «បញ្ហាពេលវេលានេះ​ មានអ្នកលាបពណ៌ និងបង្វែរទិសការទទួលខុសត្រូវ​ ឬបង្កើតការសង្ស័យផេ្សងៗ ​ដោយលើកឡើងថា ដឹងយូរឆ្នាំម៉េចក៏មិនធ្វើ​ ឬក៏គ្មានបញ្ហាអី្វ?​ ខ្ញុំសូមជូនរបាយការណ៍ពត៌មានស្រាវជ្រាវនៅភូមិគគីរនេះ​ គឺបានធ្វើបញ្ចប់នៅថ្ងៃទី១៧​ ខែមករា​ ឆ្នាំ​២០១៧!​ ដូចនេះគ្មានព័ត៌មានកំរិតជាតិណា​ ខុសពីនេះទៀតទេ!»។

សូមជម្រាបថា ប្រតិបត្តិការដោះគ្រាប់បែកគីមី នៅឃុំគគីរ មន្ត្រីជំនាញរបស់ស៉ីម៉ាក និងអាជ្ញាធរគីមី បានចុះប្រតិបត្តិដោះបានមួយគ្រាប់ ក្នុងបរិវេណសាលាបឋមសិក្សាគគីរ ខណៈមួយគ្រាប់ទៀត ដែលនៅក្នុងបរិវេណវត្ត ត្រូវបានមន្ត្រីជំនាញអះអាងថា អាចនៅក្រោមអគារសាលាឆាន់ ដែលមិនអាចវាយកំទេច សាលាឆាន់ដើម្បីដោះគ្រាប់បានឡើយ។

ក្រៅពីគ្រាប់បែកគីមីនៅក្នុងបរិវេណសាលារៀនហើយ មន្ត្រីជំនាញបានរកឃើញគ្រាប់បែកគីមី របស់អាមេរិកចំនួន១៥ទីតាំងផ្សេងទៀត នៅក្នុងឃុំគគីរ និងឃុំជាប់នោះ ដែលមន្ត្រីជំនាញនឹងចុះបន្តប្រតិបត្តិការ នៅសប្តាហ៍ក្រោយនេះ។

ជាមួយគ្នានេះ យ៉ាងហោចមានប្រជាពលរដ្ឋចំនួន៤៥នាក់ បានរងគ្រោះដោយសារគ្រាប់បែកគីមីនេះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីរងគ្រោះដោយសារជាតិគីមី នៃគ្រាប់បែកគីមី បណ្តាលឲ្យរមាស់លើស្បែក ជាដើម ដោយមួយចំនួនមិនទាន់ចេញពីមន្ទីរពេទ្យនៅឡើយទេ៕