(កោះកុង)៖​ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទជាច្រើននាក់ ចុះសំណេះសំណាល​ សួរសុខទុកជាមួយកម្មករ កម្មការិនីរោងចក្រ ដែលបម្រើការងារក្នុងរោងចក្រតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចំនួនជិត៤០០នាក់ ​ដែលមានទីតាំងស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។

ការចុះសំណេះសំណាលសួរសុខទុកកម្មករ កម្មការិនី លោកស្រី មិថុនា ភូថង បានជម្រាបថានេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែក និងកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅ ក៏ដូចជាការកម្ពស់សុខមាលភាពជូនបងប្អូកម្មករ កម្មការិនី ដើម្បីទទួលសុខភាពរឹងមាំមិនតែប៉ុណ្ណោះ សូមឲ្យបងប្អូនខិតខំរក្សាសុខភាពជាចម្បង ដើម្បីជីវភាពក្នុងគ្រួសារ។

ក្នុងនោះលោកស្រីអភិបាលខេត្ត ផ្តាំផ្ញើដល់បងប្អូនទាំងអស់គប្បីអភិវឌ្ឍខ្លួនឯងក្នុងគ្រួសារ និងសង្គមជាតិ តាមរយ:ការខិតខំប្រឹងប្រែង ទៅតាមសមត្ថភាព និងចំណេះដឹងជំនាញរបស់បងប្អូនរៀងៗខ្លួន មិនត្រូវជឿតាមការញុះញ៉ង់ ការមួលបង្កាច់ ឬដោយការបង្កហេតុណាមួយ ដែលនាំឲ្យមានការខូចខាតផលប្រយោជន៏ខ្លួនឯង និងផលប្រយោជន៏សាធារណៈផង ដែលអំពើទាំងនេះគ្មានផលចំណេញសម្រាប់ខ្លួនយើងក្រុមគ្រួសារ និងប្រទេសជាតិទេ។

​អភិបាលខេត្តកោះកុង បានបញ្ជាក់​ថា រាល់ថ្ងៃនេះរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ ទៅបងប្អូនពិសេសចំពោះបងប្អូនជាកម្មករ កម្មការិនី ដែលមានផ្ទៃពោះ ត្រូវបានផ្តល់ឱកាសចេញពីធ្វើការងារមុនកម្មករ កម្មការិនីដទៃទៀត និងផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤សែនរៀល បន្ថែមសម្រាប់កម្មករ កម្មការិនីមានផ្ទៃពោះកូន១នាក់ ប្រាំបីសែនរៀល សម្រាប់ការមានផ្ទៃមានកូនភ្លោះ២នាក់ និងមួយលានពីរសែនរៀល សម្រាប់ការមានផ្ទៃពោះកូន៣នាក់។

ជាមួយនោះកម្មករ កម្មការិនីរោងចក្រសហគ្រាសទាំងអស់ នឹងទទួលបានប្រាក់សោធននិវត្តន៏ ដោយគិតចាប់ពីឆ្នាំ២០១៩ខាងមុខនេះតទៅ ដែលទាំងអស់នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា ជូនចំពោះកម្មករ កម្មការិនីទាំងអស់គ្នានៅទូទាំងប្រទេសកម្ពុជា៕