(ភ្នំពេញ)៖ ប្រទេសកម្ពុជា-វៀតណាម នាថ្មីៗនេះ បានឯកភាពគ្នាបញ្ចប់ការបោះបង្គោលព្រំដែនធំ ទាំងស្រុងហើយ សម្រាប់ព្រំប្រទល់ខេត្តព្រៃវែង និងដុងថាប់ ខណៈដែលការបោះបង្គោលបំពេញបន្ថែមនៅក្នុងខេត្តនេះ សម្រេចបាន ៧១% ផងដែរ។ នេះបើតាមការអះអាងរបស់ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកកិច្ចការព្រំដែន ដែលបានបញ្ជាក់ប្រាប់​​ Fresh News នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។

លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកកិច្ចការព្រំដែន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំ គណៈប្រតិភូ ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែមនៅខេត្តព្រៃវែង និងដុងថាប់ ស្របពេលដែល ក្រុមការងារបោះបង្គោលព្រំដែន កំពុងបង្កើនសកម្មភាពក្នុងការបោះបង្គោលព្រំដែន ដើម្បីឈានទៅរកការបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។

លោកស្រី កុយ ពិសី បានបញ្ជាក់យ៉ាងដូច្នេះថា «ការងារនៅខេត្តព្រៃវែងនេះ កម្ពុជា និងវៀតណាម បានឯកភាពគ្នាបញ្ចប់ការបោះបង្គោលព្រំដែនធំ ទាំងស្រុងហើយ ដោយឡែកការបោះបង្គោលព្រំដែនបំពេញបន្ថែមភាគីទាំងពីរ សម្រេចបាន ៧១% ការងារដែលនៅសល់ នឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០១៧នេះ»

សូមបញ្ជាក់ថា នៅក្នុងឱកាសចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែមនៅខេត្តព្រៃវែង និងដុងថាប់នេះ លោកស្រី កុយ ពិសី បានចុះសួរសុខទុក្ខដល់កងទ័ពនៅវរៈការពារព្រំដែនគោក និងទីស្នាក់ការអនុសេនាតូចលេខ១ ការពារព្រំដែនផងដែរ ព្រមទាំងបានឧបត្ថម្ភដល់កងទ័ព នូវមីមួយកេះធំ ត្រីខ២កេះ និងថវិកា ២០ម៊ីនរៀល។

កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែន សរុបចំនួន ៣១៤ ទីតាំងបង្គោល។ រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែនរវៀងកម្ពុជា-វៀតណាម បានរួចរាល់ចំនួនជាង ៨៤ភាគរយហើយក្នុងចំណោមព្រំដែនសរុប៕