(កំពង់ចាម)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានបន្តចុះអង្កេត និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារពាមជីកង និងផ្ទះលក់ដូរជុំវិញផ្សារ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដែលជាលទ្ធផលរកមិនឃើញ ផលិតផលណាមួយខូចគុណភាពនោះទេ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ចាមបានឲ្យដឹងថា ដោយគិតពីសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ មន្រ្តីកាំកុងត្រូលខេត្ត បានយកចិត្តទុកដាក់ បានពិនិត្យតាមផ្ទះ និងតាមផ្សារនិយាយរួម គឺតាមផ្សារនានា នៃខេត្តកំពង់ចាមតែម្តង ហើយជាលទ្ធផលមិនបានរកឃើញទំនិញណាមួយខូចគុណភាពទេ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងការចុះអង្កេតទំនិញខាងលើ គេឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អាជីវករ ផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រ ចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែង តែ ចុះពិនិត្យទំនិញផ្សេងៗ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់៕