(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ៣២នាក់ ត្រូវបានរកឃើញថា​ រងឥទ្ធិពលដ៏សែនអាក្រក់ពីគ្រាប់បែកគីមីរបស់អាមេរិក ហើយកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ឃុំគគីរ ស្រុមរមាសហែក ខេត្តស្វាយរៀង ជាតំបន់មួយដែលរងកាយវាយប្រហារដោយសារគ្រាប់បែកគីមីរបស់អាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងសម័យសង្រ្គាមវៀតណាម ហើយបានបន្សល់មកដល់ពេលបច្ចុប្បន្ននេះ។ ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់លើសុខទុក្ខប្រជាជនទូទៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលមានគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិកបន្សល់ទុកពីស័យសង្រ្គាម។

ក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា ក្រុមការងាររបស់ខ្លួនបានរកឃើញគ្រាប់បែកគីមីរបស់អាមេរិកនេះ កំពុងបង្កផលប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានដូចជា សភាពជំងឺមិនប្រក្រតី (វិរូបកម្ម) រួមមាន៖ មាត់វៀច ក្បាលធំ និងជំងឺស្បែក។

បើតាមសេចក្តីជូនព័ត៌មាននេះ បានឲ្យដឹងថា ជនរងគ្រោះដោយសារឥទ្ធិពលដ៏សែនអាក្រក់ និងព្រៃផ្សៃនៃគ្រាប់បែកគីមីរបស់អាមេរិកនេះ មានកុមារ ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយ ២៩នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា លោកមានសេចក្តីរន្ធត់ និងសង្វេគបំផុតចំពោះកុមារកម្ពុជា ដែលទទួលរងទុក្ខវេទនានេះ ទាំងពួកគេពុំបានធ្វើអ្វីខុសសោះ។ លោក ម៉ម ប៊ុនហេង បានចោទសួរថា តើនរណាជាអ្នកទទួលខុសត្រូវលើសោកនាដកម្មនេះ?។

ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងសុខាភិបាល បានទទូចដល់ប្រជាពលរដ្ឋនៅក្នុងទីតាំងមានគ្រាប់បែកគីមីនេះ ត្រូវនៅឲ្យឆ្ងាយពីគ្រាប់បែកគីមីតាមការណែនាំរបស់មន្រ្តីជំនាញ និង ត្រូវណែនាំកូនចៅមិនត្រូវទៅរើសយកគ្រាប់បែកគីមីមកលេងឡើយ។ ក្រសួងសុខាភិបាល បានណែនាំទៀតថា បើមានរោគសញ្ញាខុសប្រក្រតី ឬមានកុមារកើតមកមានរូបរាងខុសប្រក្រតី ត្រូវទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលជិតបំផុត ដើម្បីត្រួតពិនិត្យសុខភាព និងទទួលការព្យាបាលជាបន្ទាន់ដោយមិនគិតថ្លៃឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាឲ្យកសាងមណ្ឌលសុខភាពមួយនៅក្នុងឃុំគគីរ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋចេញពីឥទ្ធិពលគ្រាប់បែកគីមីអាមេរិក ហើយថែមទាំងអនុញ្ញាតជាពិសេសឲ្យប្រជាពលរដ្ឋក្នុងឃុំនេះអាចពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃថែមផង៕