(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ដាស់តឿនឲ្យមន្ត្រីទាំងអស់នៅទូទាំងខេត្តត្រូវខិតខំសិក្សារៀនសូត្រស្វែងយល់បន្ថែម និងចូលវគ្គ សិក្សាជំនាញខ្លីៗ តាមរយៈវគ្គបណ្តុះបណ្តាលក្តី ស្វែងយល់ដោយខ្លួនឯងក្តី ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អៗ។ ដើម្បីអភិវឌ្ឍន៍ លើសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងឆ្លើយតបទៅនឹងសកលភាវរូបនីយកម្មតាមបច្ចេកវិទ្យាជឿនលឿនសំដៅយ៉ាងណាឲ្យទទួលបាននូវ ប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរឡើងដើម្បីធានាដល់ការបំពេញការងារឲ្យរដ្ឋបាលខេត្តទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។

លោក សុខ លូ ដាស់តឿនបែបនេះនៅក្នុងឱកាសលោកអញ្ជើញ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាសាលាខេត្ត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងគោលបំណងដើម្បីបង្កើនភាពស្និទស្នាល និងផ្តល់នូវអនុសាសន៍ល្អៗ មួយចំនួន នៅសាលាខេត្តកំពង់ធំ។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោក សុខ លូ បានកោតសរសើរដល់មន្ត្រីរាជការមន្ត្រីកិច្ចសន្យា និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមកទទួលបានជោគជ័យ និងមានភាពទទួលខុសត្រូវលើតួនាទី និងភារកិច្ចទៅតាមលក្ខណការងារ របស់ខ្លួនដែលបានកំណត់ ជាពិសេសត្រូវគោរពវិន័យ ខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងដើម្បីពង្រឹងការងារក្នុងរដ្ឋបាលខេត្ត និងមានការទំនាក់ទំនងល្អ ជាមួយអង្គភាពមន្ទីរជុំវិញខេត្តដើម្បីបម្រើសេវាសាធារណៈជូនអ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរ និងទាន់ពេលវេលា៕