(ភ្នំពេញ)៖ គិតរហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ មិនទាន់ចាត់តាំងមេធាវី ដើម្បីរៀបចំឯកសារឆ្លើយតបនឹងការបង្គាប់របស់តុលាកាកំពូលនៅឡើយទេ ទោះបីជាឱសានវាទនៅសល់ប្រមាណតែ ១០ថ្ងៃទៀតប៉ុណ្ណោះ ខណៈដែលសេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ត្រូវបានព្រឹទ្ធសភាអនុម័តរួចហើយ នៅថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់ លោក សំ សុគង់ មេធាវីរបស់គណបក្សសង្រ្គោះជាតិ។

ទោះជាយ៉ាងណា រហូតដល់ពេលនេះអង្គភាពព័ត៌មាន Fresh News មិនទាន់អាចទាក់ទងសុំការបកស្រាយពី អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បាននៅឡើយទេ ខណៈដែលតំណាងរាស្រ្តជាច្រើននាក់របស់គណបក្សនេះ បានចាកចេញទៅក្រៅប្រទេស។

លោក នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូលបានអះអាងថា ក្នុងករណីដែលគណបក្សសង្រ្គោះជាតិ មិនបានឆ្លើយតបតាមការបង្គាប់រ​បស់តុលាការកំពូលនោះ តុលាការកំពូលរបស់កម្ពុជា នឹងចាត់វិធានការបន្តទៀតតែម្តង។ ប៉ុន្តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិត អំពីវិធានការបន្តនោះយ៉ាងណាទេ។

សូមបញ្ជាក់ថា តុលាការកំពូល កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ បានចេញដីកាបង្គាប់ឱ្យគណបក្សសង្គ្រោះជាតិ ដាក់ឯកសារត្រៀមដើម្បីឆ្លើយតបទៅនឹងពាក្យបណ្ដឹង សុំរំលាយគណបក្សសង្គ្រោះជាតិ របស់ក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល២០ថ្ងៃ ចាប់តាំងពីថ្ងៃជូនដំណឹងនេះតទៅ។

ការចេញដីការបង្គាប់នេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តឹងពីក្រសួងមហាផ្ទៃ។ ពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលដាក់នៅតុលាការកំពូល បង្ហាញថា គណបក្សសង្រ្គោះជាតិ បាននិងកំពុងអនុវត្តផែនការដោយ ឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា៕