(កំពង់ធំ)៖ ប្រធានភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក អ៊ុន ហេង អាយុ៥៦ឆ្នាំ និងស្ដ្រីម្នាក់ឈ្មោះ ជា ស៊ីវណៃ អាយុ៤២ឆ្នាំ ត្រូវបានតុលាការខេត្តកំពង់ធំ ចេញដីកាសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ណោះអាសន្ន ដោយសារតែពួកគេទាំង២នាក់ បានឃុបឃិតរត់ការលួចលក់ដី និងផ្ទះមួយកន្លែង ដែលត្រូវបានតុលាការសម្រេចហាមឃាត់ មិនឲ្យមានការលក់ ឬផ្ទេរនោះឡើយ។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ឃន សុកល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ ដែលភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ ទទួលបាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ។

ជាមួយគ្នានេះតុលាការខេត្តកំពង់ធំ ក៏បាននិងកំពុងតាមចាប់ខ្លួនមេឃុំបល្ល័ង្គ មកពីគណបក្សសង្គ្រោះជាតិផងដែរ ដែលបានស៊ីញ៉េយល់ព្រមលក់ផ្ទះ និងដីមួយកន្លែងនេះ ដែលតុលាការហាមឃាត់ ស្ថិតនៅភូមិតាឌុក ឃុំបល្ល័ង្គ។

ព្រះរាជអាជ្ញាខេត្តកំពង់ធំលោក អ៊ិត សុធា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងផងដែរថា ពួកគេទាំង២នាក់ ត្រូវចោទប្រកាន់ ពីបទផ្សំគំនិតបង្វែរវត្ថុរឹបអូស ប្រព្រឹត្តទៅនៅភូមិតាឌុក ពោលមេភូមិត្រស់រូបនេះ បានទៅរត់ការលក់ដី និងផ្ទះមួយកន្លែងឲ្យស្ដ្រីឈ្មោះ ជា ស៊ីវណៃ ដែលដី និងផ្ទះនោះត្រូវបានតុលាការដាក់ហាមឃាត់លក់ និងផ្ទេរ។

បើតាមលោក អ៊ិត សុធា រហូតមកដល់ពេលនេះមេឃុំបល្ល័ង្គ ដែលជាប់ពាក់ព័ន្ធ ក៏បានគេចខ្លួនផងដែរបន្ទាប់ពីដឹងខ្លួនថា ស៊ីញ៉េយល់ព្រមទាំងខុសច្បាប់ ក្នុងករណីនេះ។

យោងតាមមន្ដ្រីតុលាការខេត្តកំពង់ធំ បានលួចប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា នៅពេលនេះ ជនត្រូវចោទទាំង២នាក់ បាននិងកំពុងស្វែងរកការនៅក្រៅឃុំជាបណ្ណោះអាសន្ន។

យោងតាមដីការបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមបានបញ្ជាក់ថា «លោក ឃន សុកល​ ជាចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តកំពង់ធំ បានឃើញសំនុំរឿងស៊ើបសួរលេខ៦៤០ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ បានឃើញដីការសន្និដ្ឋានបញ្ជូនសុំរឿងស៊ើបសួរលេខ២៤០៩ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ របស់តំណាងអយ្យការបានចោទទៅលើឈ្មោះ អ៊ុន ហេង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានលំនៅដ្ឋានភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងស្ត្រីម្នាក់ទៀតឈ្មោះ ជា ស៊ីវណៃ អាយុ៤២ឆ្នាំ រស់នៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជនត្រូវចោទទាំង២នាក់នេះ ត្រូវបានដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យ ពីបទផ្សំគំនិត បង្វែវត្ថុរឹបអូស ​ប្រព្រឹត្តិនៅភូមិតាឌុក ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ»៕