(ភ្នំពេញ)៖ ​មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០​១៧នេះ បានសហការជាមួយមជ្ឈមណ្ឌលផ្ដល់ឈាម និងក្រុមហ៊ុន CP ចំកាត់ បន្តបើកយុទ្ធនាការបរិច្ចាគឈាមមួយ ក្រោមប្រធាបទ «ឱសថដ៏ស័ក្តសិទ្ធដើម្បីជួយសង្គ្រោះជីវិតមនុស្សគឺឈាម» ដែលក្នុងនោះ មានអ្នកចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ។

លោក ណារីនថារ៉ា ប៊ុនជុងចារើន នាយក​មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានឲ្យដឹងថា បានជាមន្ទីរពេទ្យរៀបចំយុទ្ធនាការបរិច្ចាគឈាមនេះឡើង ដោយសារមន្ទីរពេទ្យ​មើលឃើញពីស្ថានភាពជំងឺ នៅកម្ពុជាបច្ចុប្បន្ន មានសភាពធ្ងន់ធ្ងរច្រើនជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានអ្នកត្រូវការឈាម ដើម្បីសង្គ្រោះបន្ទាន់ជាប្រចាំផងដែរ។

លោក ​ណារីនថារ៉ា បានបញ្ជាក់ថា ឈាមដែលបានពីការបវិច្ចាគឈាមនេះ មិនត្រឹមតែយកទៅជួយសង្គ្រោះដល់អ្នកជំងឺ ក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញរបស់លោក ប៉ុណ្ណោះទេ ថែមទាំងមានបំណងបរិច្ចាគបន្តទៅដល់មន្ទីរពេទ្យរដ្ឋ និងឯកជននានាផងដែរ ដើម្បីរួមចំណែកជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីបញ្ហាខ្វះឈាម។

លោកនាយកបន្តថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក៏នឹងបន្ដ​ផែនការប្រចាំឆ្នាំដដែល ដោយមួយឆ្នាំរៀបចំកម្មវិធីបរិច្ចាគចំនួន៤ដង ដោយធ្វើរៀងរាល់ថ្ងៃសៅរ៍ចុងសប្ដាហ៍ នៅផ្សារទំនើបអ៊ីអញ ហើយមន្ទីរពេទ្យ​មានប្រព័ន្ធទុកដាក់ឈាមរបស់ប្រជាពលរដ្ឋដែលបរិច្ចាគនោះ ធានាគុណភាពល្អ១០០ភាគរយ ថាគ្មានការចម្លងមេរោគ។

ក្រៅពីការបរិច្ចាគឈាមនេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក៏បានចូលរួមការងារសប្បុរសធម៌ជាច្រើនទៀត ដូចជាការចុះអប់រំណែនាំដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋក្នុងសមាគមនានា ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត អំពីរបៀបសង្គ្រោះបឋម និងការព្យាបាលមួយចំនួនផងដែរ។

ជាមួយគ្នានេះ លោក អ៊ឹង ចាន់តុលា តំណាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានឲ្យដឹងថា តម្រូវការឈាមដើម្បីជួយសង្គ្រោះជនរងគ្រោះ ដែលខ្វះឈាមនាពេលបច្ចុប្បន្ននេះ មិនទាន់បាន១០០ភាគរយនោះទេ ខណៈដែលឆ្នាំ២០១៦កន្លងទៅ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមទទួលបានឈាមត្រឹមតែ៣០ភាគរយប៉ុណ្ណោះ នៃតម្រូវការ ហើយបច្ចុប្បន្នកម្ពុជាត្រូវការឈាម២,០០ប្លោកក្នុងមួយថ្ងៃ។

បន្ថែមពីនេះ លោក អ៊ឹង ចាន់តុលា បានអំពាវនាវដល់ស្ថាប័ន អង្គភាព រដ្ឋ និងវិស័យឯកជនទាំងអស់ សូមចូលរួមបរិច្ចាគឈាមឲ្យបានច្រើន ដើម្បីជួយសង្គ្រោះជីវិតមនុស្សនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ​ដែរ មជ្ឈមណ្ឌលជាតិផ្ដលឈាមកម្ពុជា បានថ្លែងអំណរគុណដល់ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលបានចូលរួមសកម្មភាពបរិច្ចាគឈាមនេះ យ៉ាងសកម្មភាព ដោយក្នុងមួយឆ្នាំរៀបចំកម្មវិធីបរិច្ចាគ៤ដង និងរួមសហការរៀងរាល់ថ្ងៃសៅរ៍ នៅផ្សារទំនើបអ៊ីអន ក្នុងសកម្មភាពនេះ៕