(ភ្នំពេញ)៖ អាជ្ញាធរមីនរបស់ប្រទេសកម្ពុជា បានអំពាវនាវដ៏ទទូចឲ្យសហរដ្ឋអាមេរិក មានវិចារណញ្ញាណប្រកបដោយមនុស្សធម៌ រួមសហការគ្នាក្នុងការបោសសម្អាតបំផ្លាញ នូវគ្រាប់បែកគីមីទាំងនោះចេញ និងបន្តបោសសំអាតនៅកន្លែងផ្សេងទៀត បន្ទាប់ពីអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំក្រុងភ្នំពេញ មិនដែលបានឆ្លើយតបទាល់តែសោះចំពោះបញ្ហានេះ រាល់ពេលដែលអាជ្ញាធរមីនបានទំនាក់ទំនងទៅគ្រប់មធ្យោបាយ។

ការទទូចរបស់អាជ្ញាធរមីន ចំពោះរដ្ឋាភិបាលមហាអំណាចមួយនេះបានធ្វើឡើង នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ដែលបានចេញផ្សាយនៅយប់ជ្រៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ តបទៅនឹងសេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ដែលបាននិងកំពុងបំភ្លៃការពិត ពាក់ព័ន្ធគ្រប់បែកគីមីរបស់ខ្លួន នៅលើទឹកដីខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម ដោយអាមេរិកបែរជាលើកឡើងថា គឺជាឧស្ម័នបង្ហូរទឹកភ្នែកទៅវិញ។

សូមបញ្ជាក់ថា គ្រាប់បែកគីមីដោយសារឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិក ដែលកប់នៅក្នុងដីស្ថិតនៅឃុំគគីម ស្រុករមាសហែក ខេត្តស្វាយរៀង បានធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋាន និងមន្ដ្រីអាជ្ញាធរគីមី មិនតិចជាង៥០នាក់នោះទេ ដែលបានរងគ្រោះជាបន្ដបន្ទាប់ ហើយត្រូវបានដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យ។

គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលានេះ ប្រជាពលរដ្ឋជាង២០នាក់ បាននិងកំពុងបន្ដសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ។

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ជ្រៅថ្ងៃទី១៩ ខែតុលានេះ បានបញ្ជាក់ថា ការលើកឡើងរបស់ស្ថានទូតអាមេរិក គឺក្នុងន័យបំភ្លៃការពិត និងបំភ័ន្តមតិជាតិ និងអន្តរជាតិប៉ុណ្ណោះ ព្រោះថាអាជ្ញាធរមីន គឺពិតជាទើបទទួលព័ត៌មាននៅអំឡុងខែមករា ឆ្នាំ២០១៧នេះ ដែលរាយការណ៍ដោយប្រជាពលរដ្ឋនៅទីនោះ។

អាជ្ញាធរមីនកម្ពុជា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងក៏៏បានទំនាក់ទំនងតាមគ្រប់មធ្យោបាយ ទៅស្ថានទូតសហរដ្ឋអាមេរិក ក្នុងន័យរួមសហការគ្នាតាមគោលការណ៍មនុស្សធម៌ដើម្បីធ្វើការ លុបបំបាត់ការភ័យខ្លាចរបស់ ប្រជាពលរដ្ឋនៅទីនោះ ប៉ុន្តែជាអកុសល យើងពុំដែលបានទទួលនូវការឆ្លើយតប ជាវិជ្ជមានណាមួយ ពីស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញឡើយ»៕