(ភ្នំពេញ)៖ បើទោះព័ត៌មានលោក Leonardo Vitorino ត្រូវបានបញ្ឈប់ពីក្រុមជម្រើសជាតិកម្ពុជា មិនទាន់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចេញសេចក្ដីប្រកាសផ្លូវការក្ដី ប៉ុន្ដែព័ត៌មាននេះ ត្រូវបានមហាជនចាត់ទុកជាការពិត ១០០% ទៅហើយ បន្ទាប់ពីលោក Leonardo បង្ហោះសារលើ Facebook ដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីយប់មិញ ស្របពេលមន្ដ្រីជាន់ខ្ពស់សហព័ន្ធមួយរូប បានអះអាងព័ត៌មានខាងលើ គឺជាការពិត។

ប៉ុន្ដែថ្ងៃនេះ គេហទំព័រ KhmerTalking សូមបង្ហាញពីលទ្ធផលប្រកួតផ្លូវការចំនួន ១៤ប្រកួត ដែលដឹកនាំដោយគ្រូបង្វឹកប្រេស៊ីលខាងលើ មុននឹងលោកចាកចេញពីកម្ពុជា ទៅស្រុកកំណើតរបស់ខ្លួនវិញ ដែលក្នុងនោះរួមមាន៖

កីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីចំនួន ៤ប្រកួត៖ ក្រុម U22 កម្ពុជា ០-២ ហ្វីលីពីន, កម្ពុជា ១-៤ វៀតណាម, កម្ពុជា ០-៣ ថៃ និងចុងក្រោយកម្ពុជាចាញ់ ០-១ ទីម័រខាងកើត។

វគ្គជម្រុះពាន Asian Cup U23 2019 លើកទឹកដីកម្ពុជា ៣ប្រកួត៖ ក្រុម U23 កម្ពុជា ០-០ ចិន, កម្ពុជា ០-២ ជប៉ុន និងកម្ពុជា ១-០ ហ្វីលីពីន។

ពានរង្វាន់ KBZ Bank Cup នៅមីយ៉ាន់ម៉ា ៣ប្រកួត៖ ក្រុម U22 កម្ពុជា ១-៤ មីយ៉ាន់ម៉ា, កម្ពុជា ១-៥ ក្រុមជម្រើសសាកលវិទ្យាល័យជប៉ុន និងក្រុមកម្ពុជា ០-១ ហុងកុង។

វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូល C៖ ក្រុមធំ (ជម្រើសជាតិកម្ពុជា) ០-៧ ហ្ស៊កដានី, កម្ពុជា ១-០ អាហ្វហ្គានីស្ថាន, កម្ពុជា ១-២ វៀតណាម និងវៀតណាម ៥-០ កម្ពុជា។

សូមបញ្ជាក់ថា លោក Leonardo ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កាលពីដើមខែមីនា ឆ្នាំ២០១៧ ហើយបន្ទាប់ពីសហព័ន្ធបញ្ឈប់លោកពីជម្រើសជាតិ សហព័ន្ធបានតែងតាំងលោក Ohara មន្ដ្រីបច្ចេកទេសជនជាតិជប៉ុន ឲ្យដឹកនាំក្រុមគោព្រៃកម្ពុជាបណ្ដោះអាសន្ន សម្រាប់ការប្រកួតនៅសល់នាចុងឆ្នាំ២០១៧នេះ៕