(ភ្នំពេញ)​៖ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ឆ្នាំ​២០១៧​ ​ខាងមុខ​នេះ​ នឹង​បើក​សវនាការ​បណ្តឹង​សាទុក្ខ​របស់​ក្រុម​មេធាវី​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ពាក់ព័ន្ធ​ការ​ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

លោក ​សំ​ សុគង់​ សហមេធាវី​ការពារ​​ក្តី​លោក​ កឹម​ សុខា​ បានថ្លែង​ប្រាប់​ Fresh News នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​តុលា​ ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ឃឹម​ ប៉ុណ្ណ​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​លោក​ អ៊ុក​ គឹម​សិទ្ធិ​ អគ្គ​ព្រះ​រាជ​អាជ្ញា​រង​ជា​តំណាង​មហា​អយ្យការ​។​

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី២៦ ខែកញ្ញា​ កន្លង​ទៅ​ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះមេធាវីរបស់ជនត្រូវចោទ ដែលជាអ្នកប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួនរបស់ជនត្រូវចោទ។​ ប៉ុន្តែបែរជាធ្វើពហិការដើរចេញ មិនបាននៅលើកពីមូលហេតុ នៃបណ្តឹងឧទ្ធរណ៍របស់ខ្លួននៅក្នុងបន្ទប់សវនាការទៅវិញ។

សេចក្តីប្រកាសព័ត៌មានរបស់លោក​ ទូច​ ថារិទ្ធិ​ អ្នកនាំពាក្យសាលាឧទ្ធរណ៍​ បញ្ជាក់ទៀតថា ការបកស្រាយពីការប៉ះពាល់ដល់សិទ្ធិ របស់ជនត្រូវចោទរបស់ក្រុមមេធាវីការពារ លោក កឹម សុខា ជាសាធារណៈ មិនមានលក្ខណៈត្រឹមត្រូវឡើងយ។ សូមបញ្ជាក់ថា សំណុំរឿងនេះ គឺជាសំណុំរឿងមុខអង្គសេចក្តី មិនមែនជាសំណុំរឿងអង្គសេចក្តី ដែលចាំបាច់ត្រូវមានជនជាប់ចោទទេ ភាពខុសគ្នានេះ គឺមានចែងក្នុងច្បាប់ច្បាស់លាស់។

សាលាឧទ្ធរណ៍បញ្ជាក់ថា «នៅក្នុងដំណាក់កាលស៉ើបសួរឈ្មោះ កឹម សុខា មានឋានៈជាជនត្រូវចោទនៅឡើយ ដូច្នេះការលើកយកតាមមាត្រា៣០០ និង៣០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ របស់ក្រុមមេធាវីការពារឲ្យឈ្មោះ កឹម សុខា ដើម្បីទាមទារ ឲ្យមានវត្តមានជនត្រូវចោទក្នុងសវនាការ គឺជាការយល់ច្រឡំធ្ងន់ធ្ងរណាស់ ព្រោះមាត្រានេះចែក មានអត្ថន័យទាក់ទងនឹងជនជាប់ចោទ ដូច្នេះការលើកឡើងរបស់ក្រុមមេធាវីនេះ ហាក់បែរជាទទួលស្គាល់ថា ឈ្មោះ កឹម សុខា គឺជាជនជាប់ចោទ»

សូមជម្រាបថា ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​ជា ​អសាធារណៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ នេះ​ លោក​ ឃុន​ លាង​ម៉េង​ អនុ​ប្រធាន​សាលាឧទ្ធរណ៍​ និង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​ សម្រេច​តម្កល់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​ បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពន្ធនាគារ​ដដែល​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ទូច​ ថារិទ្ធិ​ អគ្គ​លេខា​ធិការ​រង​ និង​ជា​អ្នក​ពាក្យ​សាលាឧទ្ធរណ៍​ ៕