(ស្ទឹងត្រែង)៖ ក្រោមគម្រោងអភិវឌ្ឍន៍ជំនាញ ដែលទទួលបានការឧបត្ថម្ភ ដោយអង្គការ Swisscontact យុវជនដែលរស់នៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងព្រះវិហារ នឹងត្រូវបានជ្រើសរើស ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃ។

អង្គការ Swisscontact ដែលទទួលបានជំនួយពីរដ្ឋាភិបាលស្វីស បានបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញ ដែលមានគោលបំណងជួយបង្កើនប្រាក់ចំណូល និងឱកាសការងារ ដល់ជនរងគ្រោះនៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងព្រះវិហារ ព្រមទាំងជួយបង្កើតឲ្យមានប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាព ស្របតាមតម្រូវការទីផ្សារ និងមានយន្តការសម្របសម្រួល ច្បាស់លាស់ទូទាំងប្រទេស។

កម្មវិធីរបស់អង្គការនេះ នឹងជ្រើសរើសយុវជនប្រមាណ៣០០នាក់ ក្នុង១ខេត្តៗ ពីក្នុងខេត្តចំនួន៣ គឺខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តព្រះវិហារ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនៅឆ្នាំ២០១៨ ខាងមុខនេះ។ នេះជាឆ្នាំទី២ហើយ នៃការអនុវត្តកម្មវិធីរបស់អង្គការរយៈពេល១២ឆ្នាំ សម្រាប់ការបណ្តុះបណ្តាលជំនាញនេះ។

នៅក្នុងឆ្នាំ២០១៧ អង្គការបានបណ្តុះបណ្តាល យុវជនប្រមាណ២៥០នាក់នៅក្នុងខេត្តទាំងបីនេះ។

ជំនាញដែលត្រូវបណ្តុះបណ្តាល មានដូចជាការដេរសម្លៀកបំពាក់ សម្អាងការ ការជួសជុលម៉ូតូ ជំនាញខាងអគ្គិសនី ការជួសជុលម៉ាស៊ីនធន់តូច ជាងផ្សាដែក ការកែច្នៃម្ហូបអាហារ ការបម្រើម្ហូបអាហារ រៀបចំបន្ទប់ និងទទួលភ្ញៀវនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានជាដើម។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៦ខែ ដោយផ្តោតលើការសិក្សាទ្រឹស្តីក្នុងការមជ្ឈមណ្ឌលបណ្តុះបណ្តាល និងការចុះអនុវត្តផ្ទាល់តាមសហគ្រាសឯកជន។

លោក ញ៉ឹប ម៉េងជាង ប្រធានផ្នែកគាំទ្រផ្នែកគោលនយោបាយ បានបញ្ជាក់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលានេះ នៅសាលាខេត្តស្ទឹងត្រែងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ធ្វើឡើងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិ សម្រាប់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបន្តថា ខេត្តស្ទឹងត្រែង ក្រចេះ និងព្រះវិហារ មានយុវជនដែលរងគ្រោះ ហើយបោះបង់ការសិក្សា មុនថ្នាក់ទី១២ ដែលពិបាកក្នុងការស្វែងរកការងារធ្វើ។

លោកបន្តថា នេះជាឱកាសមួយសម្រាប់យុវជន ដើម្បីសិក្សាជំនាញមួយច្បាស់លាស់ សម្រាប់អាជីពទៅថ្ងៃខាងមុខ។ លោកថ្លែងថា៖ «ក្នុងជំនាញនីមួយៗ នឹងមានការបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈ ដើម្បីឲ្យយុវជនទទួលបានជំនាញមួយ ដែលអាចប្រកបរបរអាជីវកម្មបាន»។

អភិបាលរង ខេត្តស្ទឹងត្រែង លោក ញ៉ែម សារី បានថ្លែងថា កម្មវិធីនបណ្តុះបណ្តាលជំនាញនេះល្អ ដែលអាចជួយកាត់បន្ថយការចំណាកស្រុករបស់យុវជន និងកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្ត។ លោកបានបន្តថា នៅក្នុងខេត្តស្ទឹងត្រែង យុវជនដែលរៀនបានទាប ធ្វើកសិកម្មជាមួយគ្រួសារ ដែលពេលខ្លះពិបាកនឹងរកចំណូល។

លោក ញ៉ែម ក៏បានស្នើឲ្យអង្គការជួយស្វែងរកការងារសម្រាប់អ្នកសិក្សាទាំងនោះ ហើយជួយឲ្យមានការសិក្សាវគ្គរយៈពេលវែងបន្តទៀត។

លោក វណ្ណ រម្យមនោ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង មានប្រសាសន៍ថា បច្ចុបច្ចុប្បន្ននេះ មានសិស្សចំនួន១០៨នាក់ដែលកំពុងសិក្សានៅមជ្ឈមណ្ឌល ក្រោមការ ឧបត្ថម្ភរបស់អង្គការSwisscontact។ លោកបន្តថា សិស្សត្រូវបានផ្តល់ប្រាក់ចំនួន២ដុល្លារ ជារៀងរាល់ថ្ងៃ ដើម្បីឲ្យពួកគេមកសិក្សារយៈពេល៤ខែនៅមជ្ឈមណ្ឌល។

លោកបន្តថា សិស្សនៅខេត្តស្ទឹងត្រែង ហាក់មិនទាន់យល់ច្បាស់ពីជំនាញបណ្តុះបណ្តាល ហើយពួកគេមិនចង់ចំណាយពេលមករៀន ដោយចង់ធ្វើការដែលបានចំណូលភ្លាមៗ។

លោកបន្ថែមថា៖ «អញ្ចឹងដល់ពេលយើងមករៀនជំនាញ វាត្រូវការពេលវេលា ដល់ពេលគាត់មករៀនហើយ គាត់ត្រឡប់ទៅវិញ មិនប្រាកដបើកបានទេ។ អញ្ចឹងគាត់អត់សូវមានជំនឿទេ។ អញ្ចឹងនៅពេលអនាគតទៅ ខ្ញុំគិតថាយុវជនអាចរៀនមកចាប់ជំនាញហ្នឹងបាន។ គាត់អាចចាប់អារម្មណ៍នឹងជំនាញ ហេតុអី ដោយសារធនធាននៅជុំវិញគាត់ កាន់តែខ្សោយទៅៗ»។

លោកបន្តថា មជ្ឈមណ្ឌលក៏បានផ្តល់កន្លែងស្នាក់នៅដល់អ្នកសិក្សាផងដែរ ប្រសិនបើពួកគាត់រស់នៅឆ្ងាយពីកន្លែងបណ្តុះបណ្តាល។

យុវជន ឡុង ឌីថាត់ថាង អាយុ១៩ឆ្នាំ រស់នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានរៀនត្រឹមថ្នាក់ទី៧ បាននិយាយថា លោកមករៀនធ្វើម៉ូតូនៅមជ្ឈមណ្ឌលនេះ ជិត៤ខែមកហើយ ដោយសារលោកស្រឡាញ់ផ្នែកនេះ ហើយចង់បានមុខរបរមួយដែលអាចរកប្រាក់បាន ជំនួសឲ្យការធ្វើស្រែចម្ការ ដើម្បីរកកម្រៃ។

លោកនិយាយថា៖ «មុខវិជ្ជាហ្នឹង ស្រឡាញ់មកតាំងពីតូច ឃើញគេធ្វើទៅ ដូចមានអារម្មណ៍ថាស្រឡាញ់ ការសិក្សា ដូចមានអារម្មណ៍អត់ស្រឡាញ់»។ យុវជនរូបនោះបន្តថា ខ្លួនត្រូវចំណាយពេលយូរ ដើម្បីរកលុយបើកខ្លួនឯង ដូច្នេះលោកថាត្រូវធ្វើការជាកូនជាងគេមុននឹងបើកជាអាជីវកម្មខ្លួនឯង។ 

លោកនិយាយថា៖ «បើថាតាមចិត្តខ្លួនឯង ចង់បើកខ្លួនឯង ព្រោះអីមករៀនហ្នឹងចង់ចេះបើកខ្លួនឯង យកជំនាញហ្នឹងទៅចិញ្ចឹមគ្រួសារខ្លួនឯង»។

បើតាមអង្គការ Swisscontact ការចាប់ផ្តើមជ្រើសរើសយុវជនចូលរៀននឹងធ្វើឡើង នៅក្នុងខែធ្នូ ឆ្នាំ២០១៧។ បេក្ខជនដែលអាចចុះឈ្មោះបានត្រូវមានអាយុពី១៥ឆ្នាំទៅ៣០ឆ្នាំ មកពីគ្រួសារក្រីក្រ បោះបង់ចោលការសិក្សាយ៉ាងហោចណាស់ត្រឹមថ្នាក់ទី៧ និងរស់នៅក្នុងខេត្តទាំងបី។  បេក្ខជនអាចទាក់ទងមកមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តនីមួយៗ ដើម្បីទទួលបានព័ត៌មានបន្ថែមពីការចូលរៀន៕