(ភ្នំពេញ)៖ មន្ត្រីវ័យក្មេងកម្ពុជាចំនួន ១៣នាក់ របស់ក្រសួងសុខាភិបាល មកពីមូលដ្ឋានសុខាភិបាលផ្សេងៗ ទូទាំងប្រទេសកម្ពុជា នាថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០១៧ បានចេញដំណើរទៅចូលរួម «វគ្គបណ្តុះបណ្តាលអំពីប្រតិបត្តិការ និងការគ្រប់គ្រងសុខភាពសហគមន៍» នៅ ប្រទេសជប៉ុន។

«វគ្គបណ្តុះបណ្តាលអំពីប្រតិបត្តិការ និងការគ្រប់គ្រងសុខភាពសហគមន៍» ចាប់ពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ក្រោមកម្មវិធី បណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងឆ្នាំ២០១៧ របស់JICA។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីជាការផ្តល់ចំណេះដឹង និងបទពិសោធន៍ ក្នុងការទទួលបានសេវាសុខភាព នៅមូលដ្ឋានសុខាភិបាល មណ្ឌលសសុខភាព និងមន្ទីរពេទ្យការផ្តល់សេវានៅ តាមសហគមន៍ ដែល ប្រជាពលរដ្ឋពិបាក ក្នុងការធ្វើដំណើរមកទទួលសេវាសុខភាព នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ។ បន្ថែមពីលើនោះ វគ្គបណ្តុះ បណ្តាល ក៏នឹងផ្តល់ចំណេះដឹងដល់សិក្ខាកាមកម្ពុជា ស្តីពីប្រតិបត្តិការនៃការផ្តល់សេវាសុខភាព នៅតាមសហគមន៍ នៅក្នុងប្រទេសជប៉ុន និងការគ្រប់គ្រងសេវាដំណើរការជាដើម។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលនេះនៅឆ្នាំ១៩៩៥ ដែលរហូតមក ដល់ពេលបច្ចុប្បន្ននេះ មានមន្ត្រី វ័យក្មេងកម្ពុជា ១០៣៩នាក់ បានចូលរួមវគ្គបណ្តុះបណ្តាល លើវិស័យផ្សេងៗ នៅមជ្ឃមណ្ឌលបណ្តុះបណ្តាល របស់JICA ក្នុង ប្រទេសជប៉ុន៕