(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលនៅទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេច លើកិច្ចការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងសង្គមជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រមទាំងដាក់បទបញ្ជាបន្ថែមដល់កងកម្លាំង លើការបង្ក្រាបបទល្មើសនានា ដែលបានកើតឡើងនៅតាមមូលដ្ឋាន ដូចជាលួច ឆក់ ប្លន់ ជាដើម។

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានជួបប្រជុំជាមួយថ្នាក់ដឹកនាំនគរបាលជាតិ ប្រធាននាយកដ្ឋានកណ្ដាល ប្រធាននាយកដ្ឋានជំនាញ និងស្នងការរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យពីសភាពការណ៍កើតឡើងថ្មីៗ នៅក្នុងប្រទេសដើម្បីដាក់ផែនការ ក៏ដូចជាអនុវត្តបន្ដទៀត។

ក្រោយកិច្ចប្រជុំនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែតឲ្យដឹងថា​ «នាយឧត្តមសេនីយ៍ បានក្រើនរំលឹកដល់កងកម្លាំង ត្រូវត្រៀមខ្លួនការពារ ធានាឲ្យបានសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបន្ដអភិវឌ្ឍន៍សេដ្ឋកិច្ច និងនិរន្ដភាពរបស់សង្គមជាតិយើង»

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងទៀតថា នៅក្នុងកិច្ចប្រជុំនេះនាយឧត្តមសេនីយ៍ អគ្គស្នងការ ក៏បានរំលឹកទៅដល់ស្នងការរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ បង្ការ ការពារ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជាពិសេសបទល្មើសលួច និងឆក់ ដែលធ្វើឲ្យប៉ះពាល់ដល់ការភ័យព្រួយរបស់ប្រជាពលរដ្ឋ ដែលនាយកដ្ឋានជំនាញ និងនាយកដ្ឋានព្រហ្មទណ្ឌ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងវិធានការ និងសហការជាមួយស្នងរាជធានី-ខេត្តទាំងអស់។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានប្រាប់ដល់អង្គភាពទាំងអស់ត្រូវត្រៀមកម្លាំង ឲ្យបានគ្រប់ពេល និងគ្រប់គោលដៅ ក្នុងគោលបំណងទប់ស្កាត់នូវសកម្មភាពណាដែលធ្វើឲ្យប៉ះ ពាល់ដល់សន្តិសុខសង្គម និងសន្តិភាពជាដើមនោះ។

សម្រាប់បទល្មើសឆក់ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានសង្កត់ធ្ងន់ផងដែរថា ពេលប្ដឹងទៅតុលាការមិនមែនប្ដឹង​ត្រឹមបទ​មជ្ឈឹមទេ គឺប្ដឹងបទប៉ុនប៉ុងធ្វើឃាត ដើម្បីដាក់ទោសជនល្មើសឲ្យធ្ងន់ធ្ងរ និងរៀងចាល ពីព្រោះកន្លងមកជនរងគ្រោះដួលបាក់ដៃ បាក់ជើង ហើយដល់មន្ទីរពេទ្យក៏អាចស្លាប់ទៀតផង។

នៅក្នុងឱកាសនោះផងដែរ ក៏មានការបំពាក់ឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ជូនលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិផងដែរ៕