(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងនគរបាល​ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាបរថយន្ដដឹកឈើប្រណិតធ្នង់មួយគ្រឿង ​នៅចំណុចផ្លូវជាតិលេខ៦A ភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ​។

លោកស្នងការបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញរបស់លោក បានដកហូត​​ រថយន្តម៉ាក Camery ឆ្នាំ១៩៩១ មួយគ្រឿង ​ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ2B-7321 និងឈើធ្នង់​ចំនួន៣៤ដុំ។

បើតាមលោកឧត្តមសេនីយ៍ត្រី ឯម កុសល​ បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កំពង់ចាម ដើម្បីចាត់ការបន្ដតាមច្បាប់៕​