(ភ្នំពេញ)៖ លោក វីវៀន បាឡាគ្រីស្សស្នាន់ រដ្ឋមន្ត្រីកិច្ចការបរទេសសឹង្ហបុរី បានថ្លែង​ថា អ្នកវិនិយោរបស់សិង្ហបុរីនៅកម្ពុជា មានសុទិដ្ឋិនិយមយ៉ាងខ្លាំងសុខសន្តិភាព និងស្ថេរភាពនៅកម្ពុជា ព្រោះបានបង្កបរិយាកាសដ៏ល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។ លោក វីវៀន បាឡាគ្រីស្សស្នាន់ បានលើកឡើងថា អ្នកវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ឈរនៅលំដាប់ទី៥។

លោករដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី បញ្ជាក់ដូច្នេះក្នុងពេលដែលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹង​ថា ក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលការងារនេះ លោក វីវៀន បានកោតស្ញប់ស្ញែងប្រទេសកម្ពុជា ដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរងរង្វង់ប្រមាណ ៧ភាគរយក្នុងរយៈប្រមាណ២ទសវត្សរ៍ចុងក្រោយនេះ។

លោករដ្ឋមន្រ្តីការបរទេសសិង្ហបុរី ក៏បានមើលឃើញផងដែរសុខសន្តិភាព ដែលកម្ពុជាកំពុងរក្សាបាននេះ បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនច្រើន ជាពិសេសនោះក្នុងរាជធានីភ្នំពេញលោកបានឃើញអគារខ្ពស់ជាច្រើនបានផុសឡើង ហើយក៏មានការកកស្ទះចរាចរណ៍ផងដែរ។ បើតាមលោករដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី តាមរយៈវត្តមានអគារខ្ពស់ និងការកកស្ទះចរាចរណ៍នេះ បានបង្ហាញពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អ៊ាង សុផល្លែត។

រដ្ឋមន្ត្រីកិច្ចការបរទេសសិង្ហបុរី បានលើកឡើងទៀតថា បើទោះបីសិង្ហបុរីជាប្រទេសតូចយ៉ាងណាក្តី តែទំនាក់ទំនងសិង្ហបុរី និងកម្ពុជា មានភាពល្អប្រសើរជាខ្លាំង ហើយលោកនឹងប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរថែមទៀត ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចមានមោទនភាពយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងកម្ពុជានិងសឹង្ហបុរី ហើយទំនាក់ទំនងនេះ គឺជាទំនាក់ទំនងប្រវត្តិសាស្ត្រពុំមានបញ្ហាទេ។ ផ្ទុយទៅវិញ គឺមានកិច្ចសហប្រតិបត្តិការ នៅគ្រប់វិស័យ។

សម្តេចក៏បានសម្តែងនូវការគោរព ចំពោះការផ្តួចផ្តើមគំនិតរបស់សឹង្ហបុរី ក្នុងការធ្វើសមាហរណកម្មអាស៊ានក្នុងន័យនោះកម្ពុជាបានទទួលផលយ៉ាងច្រើន អំពីកិច្ចផ្តួចផ្តើមនេះ ជាពិសេសនៅលើការអភិវឌ្ឍធនធានមនុស្ស៕