(ព្រះវិហារ)៖ ទំនិញជាច្រើនមុខត្រូវបានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានដកហូត និងយកទៅដុតបំផ្លាញចោល បន្ទាប់ពីត្រួតពិនិត្យឃើញថា ទំនិញទាំងនេះខូចគុណភាព ហួលកាលបរិច្ឆេទប្រើប្រាស់ ដែលការត្រួតពិនិត្យនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតនៅផ្សារអូជុញ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការចុះត្រួតពិនិត្យនៅផ្សារអូរជុញនេះ ក៏មានការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកបានបញ្ជាក់ថា «ជាលទ្ធផល​ យើងបានរកឃើញ និងដកហូតទំនិញខូចគុណភាពរួមមាន៖ ទឹកក្រូចចំរុះចំណុះ១៥លីត្រ, ទឹកស៊ីរ៉ូចំណុះ១៤.៦៥លីត្រ, ភេសជ្ជះប៉ូវកម្លាំងចំណុះ៥,៤លីត្រ, ប៊រ័ទំងន់២.០៦គីឡូក្រាម នំចំរុះទម្ងន់៥.៤៣៦គីឡូក្រាម និងដំណាប់ដូងទម្ងន់២.៨គីឡូក្រាមផងដែរ»

ក្រោយការដកហូតទំនិញទាំងនោះ មន្រ្តីកាំកុងត្រូល បានយកទៅដុតបំផ្លាញចោល ហើយក្រុមការងារក៏បានអប់រំណែនាំឲ្យបងប្អូនអាជីវករ ត្រូវធ្វើការត្រួតពិនិត្យរាល់ទំនិញទាំងឡាយមុន និងដាក់តាំងលក់ មិនត្រូវគិតពីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ក្នុងឱកាសនោះដែរ សាខាកាំកុងត្រូលក៏ បានចែកផុសស្ទរ័ដល់បងប្អូនអាជីវករផងដែរ៕