(ភ្នំពេញ)៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរបស់រដ្ឋសភា លោក ឡេង ប៉េងឡុង បានច្រានចោលការចោទប្រកាន់របស់ក្រុមសមាជិកសភាពមកពី គណបក្សសង្គ្រោះជាតិ ដែលបានចេញ សេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធការអនុម័តសេចក្ដីស្នើច្បាប់ទាំង៤ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ដោយលោកអះអាងថា ការអនុម័តច្បាប់ធ្វើឡើង ដើម្បីនិរន្ដភាពប្រជាធិបតេយ្យ ដែលបក្សកាន់អំណាចអនុវត្តតាមគោលនយោបាយរបស់ខ្លួន គឺសុខសន្ដិភាព។

អគ្គលេខាធិការរូបនេះ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះថា ការអនុម័តច្បាប់របស់រដ្ឋសភា ដែលធ្វើឡើងតាមការស្នើសុំពីតំណាងរាស្ដ្រ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនោះ គឺជាការអនុវត្ត និងធ្វើនិរន្ដភាពប្រជាធិបតេយ្យ ក្នុងនីតិរដ្ឋ ហើយគណបក្សកាន់អំណាចមានសិទ្ធិអនុវត្តគោលនយោបាយរបស់ពួកគេ សម្ដៅធានាសុខសន្ដិភាព និងស្ថេរភាព នៅក្នុងប្រទេស។

ការបញ្ជាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័ននីតិបញ្ញាតិខាងលើនេះ បន្ទាប់ពីក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៧ ខែតុលានេះ បានចេញសេចក្ដីថ្លែងការណ៍ ប្រឆាំងដាច់ខាតចំពោះការអនុម័តសេចក្ដីស្នើច្បាប់​ចំនួន៤ រួមមាន៖ វិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានចាត់ទុកថា ការអនុម័តសេចក្ដីស្នើច្បាប់ទាំង៤នេះ គឺជាការរំលោភលើឆន្ទៈ ដែលជាសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ ព្រមទាំងអំពាវនាវដល់ សហគមន៍អន្ដរជាតិ ពិចារណាឲ្យបានដិតដល់ មុនធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន ដែលមិនស្របច្បាប់ខាងលើនេះ។

ជាការឆ្លើយតបវិញភ្លាម អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «នេះហើយលទ្ធិប្រជាធិបតេយ្យ ដែលយើងត្រូវធ្វើច្បាប់ចឹង និងគេធ្វើដើម្បីនិរន្តភាព ប្រជាធិបតេយ្យ វាមាននីតិរដ្ឋ ហើយគណបក្សណាដែលកាន់អំណាច គេមានសិទ្ធិអនុវត្តគោលនយោបាយរបស់គេ គឺសុខសន្តិភាព​ [...] បើសិនជាអត់ប្រជាធិបតេយ្យមិនចាំបាច់អនុវត្តច្បាប់នោះឡើយ បើផ្ដាច់ការគេចាំបាច់អនុម័តច្បាប់ ចាំបាច់បោះឆ្នោតធ្វើអី មេកាន់អំណាចផ្ដាច់ការចេញមាត់ទទេមក គឺជាច្បាប់ហើយ ដូច្នេះយើងធ្វើនេះធ្វើតាមច្បាប់ តាមលទ្ធិប្រជាធិបតេយ្យ»

លោក ឡេង ប៉េងឡុង ក៏បានលើកឡើងផងដែរថា នៅក្នុងអាណត្តិនេះគណបក្សនយោបាយ ដែលមានសំឡេងភាគច្រើនដាច់ខាត គឺអាចអនុម័តច្បាប់ហ្នឹងបាន ហើយបើអាណត្តិក្រោយ គណបក្សនយោបាយណាផ្សេងទៀត មានសំឡេងច្រើនដាច់ខាតនោះ គឺពួកគេអាចកែប្រែយ៉ាងមិចគឺជារឿងរបស់គេ។

លោក ឡេង ប៉េងឡុង ក៏បានបញ្ជាក់បន្ថែមថា «ការអនុម័តច្បាប់នេះ មិនសំដៅទៅលើគណបក្សនយោបាយណាមួយនោះទេ ទៅលើបុគ្គលណាមួយនោះទេ គឺដើម្បីបំពេញកង្វះខាត នៅក្នុងចន្លោះប្រហោងនៃច្បាប់ ពីព្រោះច្បាប់យើងកន្លងមកមានចែងត្រឹមគណបក្សបោះបង់ចោលអាសនៈ ហើយរំលាយគណបក្សអត់ទាន់មានទេ»

បើតាមអគ្គលេខាធិការរូបនេះ ក្រុមសមាជិកសភារបស់គណបក្សសង្គ្រោះជាតិ មិនអាចរាំងខ្ទប់ចំពោះការអនុម័តច្បាប់នេះបានឡើយ។ លោកបញ្ជាក់ថា សេចក្ដីស្នើច្បាប់ទាំងនេះ ត្រូវបានដាក់ចូលព្រឹទ្ធសភា តាំងពីថ្ងៃម្សិលមិញ (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧) បន្ទាប់ពីរដ្ឋសភាបានចាត់ចែងរួចភ្លាមៗនោះ។

សូមបញ្ជាក់ថា បន្ទាប់ពីអង្គសភា បានអនុម័តម្តងមួយៗ នៃសេចក្តីស្នើច្បាប់ទាំងអស់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ត្រូវបានកិច្ចប្រជុំសភា ពេញអង្គអនុម័តរួចហើយ ដោយសម្លេង៦៧លើ៦៧ នេះបើយោងតាមការប្រកាសរបស់កិច្ចប្រជុំសភាពេញអង្គ នាមុននេះបន្តិចនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។

សេចក្តីស្នើច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលសភាពេញអង្គបានអនុម័តរួមមាន៖

១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖​ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

នៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏បានកែប្រែនូវ មាត្រា១៣៨-ស្ទួន ដោយកំណត់យ៉ាងច្បាស់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។

ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត, ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល...»៕