(កំពង់ធំ)៖ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ នៅទីបញ្ជីការដ្ឋានសឹករងខេត្តកំពង់ធំ បានរៀបចំពិធីចុះហត្ថលេខាបន្តជីករកអដ្ឋិធាតុកងទ័ព ស្មោះចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ដំណាដាក់កាលទី១៧ រដូវប្រាំងឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងលោក ង្វៀន ទៀងហ្សូង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តប៊ិញភឿក ប្រទេសវៀតណាម។

លោក គង់ វិមាន បានថ្លែងថា ចំណងមិត្តភាពរវាង កម្ពុជា-វៀតណាម ដែលជាប្រទេសជាប់ភូមិផងរបងជាមួយ ជាពិសេសខេត្តកំពង់ធំ និងខេត្តប៊ិញភឿក នៅតែបន្តសហការណ៍ស្វែងរកអដ្ឋិធាតុ តាមការកំណត់របស់ខេត្ត ហើយខេត្តប៊ិញភឿកតែងតែជួយឧបត្ថម្ភជាសម្ភារ និងថវិកាក្នុងការកសាងខេត្តកំពង់ធំយើងនេះ ក្នុងនោះដែរលោកបានស្នើឲ្យអាជ្ញាធរក្រុងស្រុកទាំងអស់ ជួយសហការណ៍បន្ត និងផ្សព្វផ្សាយឲ្យដល់ប្រជាពលរដ្ឋ ឲ្យគាត់បានយល់ពីការស្វែងរកអដ្ឋិធាតុដោយផ្តល់ព័ត៌មានទីតាំងកប់សព។

លោក គង់ វិមាន បានបន្តថា ក្នុងនាមអាជ្ញាធរខេត្ត និងសហការណ៍ឲ្យបានប្រសើរក្នុងការស្វែងរកអិដ្ឋិធាតុឲ្យបានច្រើនក្នុងឆ្នាំថ្មីនេះ បញ្ចប់ការសំណេះសំណាលខេត្តទាំងពីរ បានចុះហត្ថលេខាកិច្ចព្រមព្រៀង សហប្រតិបត្តិការជីករុករកអដ្ឋិធាតុបន្តទៀតសម្រាប់ឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ និងជូននូវវត្ថុអានុស្សាវរីយ៍ឲ្យគ្នាទៅវិញទៅមក។

ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការសឹករងកំពង់ធំ បានធ្វើរបាយការណ៍ដោយយោងស្មារតី នៃកិច្ចព្រមព្រៀងរវៀងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ស្តីពីកិច្ចប្រតិបត្តិការស្វែងជីករុករក អដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅលើទឹកដីកម្ពុជា ក្នុងទស្សវត្សឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ នាសម័យសង្គ្រាមកន្លងមក ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមវិញ។ ចំពោះគណៈកម្មការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលមានកិច្ចសហការរវាងគណៈកម្មការជំនាញខេត្តកំពង់ធំ និងគណៈកម្មការ ជំនាញយោធភូមិភាគទី៧ មានក្រុម K៧០ និងជំនាញគណៈកម្មការជំនាញខេត្តប៊ិញភឿកមានក្រុម K៧២។

លោកសេនីយ៍ត្រី សោម ស៊ុន បានបន្តថា ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់ ខែឧសភា ឆ្នាំ២០១៧ ការស្វែងរកអដ្ឋិធាតុបានចំនួន១០៤៤ អដ្ឋិធាតុ ប៉ុន្តែការស្វែងរកនេះធ្វើឲ្យជួបបញ្ហាខ្លះ ដោយសារកន្លែងកប់អដ្ឋិធាតុខ្លះមានរយៈពេលយូភូមិសាស្ត្រប្រែប្រួលអ្នកដឹងព័ត៌មានពីកន្លែងកប់ អដ្ឋិធាតុមកដល់ពេលនេះពួកគាត់មានវ័យចាស់ ខ្លះជរា ខ្លះបាត់បង់ជីវិត ខ្លះទៀតប្តូរលំនៅដ្ឋាន និងប្រជាពលរដ្ឋកន្លែងខ្លះមិនទាន់សហការណ៍បានល្អ ក្នុងការផ្តល់ព័ត៌មានដោយផ្អែកលើការដោះស្រាយគោលនយោបាយមានកម្រិតភូមិសាស្ត្រដែលកប់សាកសពមានរយៈពេលយូរ។

លោក ង្វៀន ទៀងហ្សូង បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ធំ និងរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ទទួលស្វាគមន៍ ចំពោះគណៈកម្មការខេត្តប៊ិញភឿក ប្រទេសវៀតណាម ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា និងមានកិច្ចសហការល្អក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពប្រជិតខាងភូមិផងរបងជាមួយ។ ក្នុងនោះលោក ង្វៀន ទៀងហ្សូង បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជាសេសអាជ្ញាធរខេត្តកំពង់ធំជួយផ្សព្វផ្សាយឲ្យបានដល់ប្រជាពលរដ្ឋដើម្បីជួយបង្ហាញទីតាំងកន្លែងកប់សាកសព៕