(ភ្នំពេញ)៖ អភិបាលរងខណ្ឌមានជ័យលោក ឡុង ង៉ែត ត្រូវបានប្រធានផ្សារ PC លោកឧកញ៉ា ឡុច សារ៉េត ដាក់ពាក្យបណ្ដឹងទៅកាន់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយចោទប្រកាន់ថា «អភិបាលរងរូបនេះ យកសិទ្ធិអំណោចតួនាទីទៅរំលោភយកដី និងផ្លូវសាធារណៈលក់ឲ្យអ្នកដទៃ ដើម្បីសង់ផ្ទះល្វែង»

យ៉ាងណាក៏ដោយលោក ឡុង ង៉ែត បានរយៈអង្គភាពព័ត៌មាន Fresh News បានបដិសេធចោលទាំងស្រុង ចំពោះការចោទប្រកាន់ របស់ប្រធានផ្សារ PC ហើយលោកអះអាងថា ករណីនេះអាជ្ញាធរធ្វើឡើងតាមច្បាប់ ហើយកំពុងស្ថិតនៅក្នុងដៃសាលារាជធានីភ្នំពេញទៀតផង។

យោងតាមពាក្យបណ្ដឹងរបស់លោកឧកញ៉ា ឡុច សារ៉េត ដែលបានដាក់ចូលរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី១០ ខែតុលា ហើយអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា កាលពីឆ្នាំ២០០៥ លោកបានទិញដីមួយកន្លែង នៅសង្កាត់បឹងទំពុន ដោយមានការទទួលស្គាល់តាំងពីមន្ទីររៀបចំដែនដី រហូតដល់ក្រសួង លុះមកដល់ឆ្នាំ២០០៦ លោកបានអភិវឌ្ឍន៍ទីតាំងនេះ ជាផ្សារ PC និងបានសាងសង់ផ្ទះល្វែងព័ទ្ធជុំវិញផ្សាររហូតមកដល់សព្វថ្ងៃ។

ប្រធានផ្សាររូបនេះ បានបញ្ជាក់បន្ថែមថា នៅប៉ែកខាងលិចនៃផ្សារ និងផ្ទះល្វែងមានផ្លូវលំមួយ ទទឹង១២ម៉ែត្រភ្ជាប់ពីផ្លូវលេខ៣៧១ ចូលទៅវត្តដំបូកខ្ពស់ ដែលអ្នកភូមិអាជីវករ និងព្រះសង្ឃបានធ្វើដំណើរ និមន្ដជាធម្មតា ប៉ុន្ដែក្នុងរយៈពេលក្រោយមកទៀត លោក ឡុង ង៉ែត បានយកតួនាទីរបស់ខ្លួនជាអភិបាលរងខណ្ឌ រួមមានជាមួយមន្ដ្រីក្រោមឱវាទមួយចំនួន បានបិទផ្លូវលំនេះ ហើយឲ្យគេសង់ផ្ទះល្វែងចំនួន៣ល្វែង បិទផ្លូវលំនោះចោលទាំងស្រុង បើទោះបីមានការតវ៉ាពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយនោះ។

ឆ្លើយតបការចោទប្រកាន់ខាងលើនេះ លោក ឡុង ង៉ែត បានអះអាងថា លោកដែលបានប្រឡងជាប់ជាមន្ដ្រីរាជការ នៅចុងឆ្នាំ២០០៧ ត្រូវបានតែងតាំងជានាយករដ្ឋបាលសាលាខណ្ឌមានជ័យ រហូតឆ្នាំ២០១៥ ត្រូវបានថ្នាក់លើដំឡើងតែងតាំងជាអភិបាលរងខណ្ឌ ហើយចំពោះបញ្ហាដែលបានកើតឡើងនេះ លោកក្នុងនាមអាជ្ញាធរ បានចុះទៅសម្របសម្រួល និងដោះស្រាយជាច្រើនលើក ដោយបន្ដពីអតីតអភិបាលរងលោក ហៀក ចាន់លៀង។ ប៉ុន្ដែដោយសារបញ្ហានេះ ដោះស្រាយមិនចេញរវាងពលរដ្ឋ និងប្រធានផ្សារ ទើបប្រគល់ជូនទៅអាជ្ញាធររាជធានីភ្នំពេញ។

យោងតាមពាក្យបណ្ដឹងនេះ ប្រធានផ្សារ PC សំណូមពរឲ្យដាក់វិន័យ និងផ្ដន្ទទោសលោក ឡុង ង៉ែត តាមច្បាប់ និងសម្រេចរុះរើសវាយកម្ទេចផ្ទះទាំង៣ល្វែង ដែលសាងសង់នោះចោលវិញ៕