(ឧត្តរមានជ័យ)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ ដឹកនាំដោយលោក ខាន់ រ៉ាត់ ដោយមានកិច្ចសហការពីរថយន្តពិសោធន៍ចល័ត MOBILE LAB របស់ អគ្គនាយកដ្ឋានកាំកុងត្រូល និងដោយមានការចូលរួមពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានធ្វើសកម្មភាព ចុះត្រួតពិនិត្យទំនិញ និងម្ហូបអាហារដែលនាំចូលពីប្រទេសថៃ តាមច្រកអន្តរជាតិ អូរស្មាច់ ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

លោក ខាន់ រ៉ាត់ បានថ្លែងថា សកម្មភាពនេះ គឺធ្វើឡើងដើម្បីពង្រឹងការ ត្រួតពិនិត្យលើគុណភាពម្ហូបអាហារ ដោយផ្ដោតសំខាន់ទៅលើបន្លែ ផ្លែឈើត្រីសាច់ និងគ្រឿងសមុទ្រ។

លោកបន្តថា ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមមន្ត្រីកាំកុងត្រូល បានយកគំរូចំណីអាហារចំនួន១៩មុខ ជាបន្លែ ផ្លែឈើ និងគ្រឿងសមុទ្រ មកពិសោធន៍ ដើម្បីស្វែងរកសារធាតុគីមី ហាមឃាត់ និងស្វែងរកសំណល់ កសិកម្ម ថ្នាំសម្លាប់សត្វល្អិត ដែលមាននៅលើម្ហូបអាហារទាំងនោះ ជាលទ្ធផលវិភាគ បានបង្ហាញថា បន្លែផ្លែឈើ១៨មុខ មិនមានសារធាតុគីមីទេ ប៉ុន្តែបានរកឃើញសារធាតុ Formalin នៅលើមឹក។

គួរបញ្ជាក់ថា ក្រៅពីការត្រួតពិនិត្យគុណភាពចំណីអាហារ សមត្ថកិច្ចកាំកុងត្រូល ក៏បានណែនាំ និងអប់រំផ្សព្វផ្សាយផងដែរ ដល់អ្នកទិញលក់ និងអាជីវករទាំងអស់ ត្រូវត្រួតពិនិត្យ ឲ្យបាន ច្បាស់មុននឹងទិញយក មកលក់បន្ត និងបានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មុននឹងទិញរបស់អ្វីមួយ ជាពិសេសគ្រឿងបរិភោគដែលគេវេចខ្ចប់ ជាកំប៉ុងក្ដី ជាដប ឬជាថង់ក្ដី ត្រូវពិនិត្យមើលស្លាកសញ្ញា ឬកាលបរិច្ឆេទ ដែលមានបិទ ឬបោះពុម្ព ភ្ជាប់នៅតាមកំប៉ុង ដប ឬថង់ទាំងនោះ ឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការចំណាយអស់លុយ ហើយទិញរបស់ដែលខូចគុណភាព ឬហួសកាលបរិច្ឆេទ យកទៅបរិភោគ ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព៕