(ភ្នំពេញ)៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បាន​អនុញ្ញាតឲ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសំណេះសំណាល។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោករដ្ឋលេខាធិការ បានលើកយកពីតួនាទីសំខាន់ៗ របស់អាកាសចរណ៍ស៊ីវិល ដែលរួមមាន៖ តួនាទីនិយ័តករ និងការត្រួតពិនិត្យលើសុវត្ថិភាពហោះហើយ, ការផ្ដល់សេវាកម្មអាកាសចរណ៍ស៊ីវិល, ការផ្ដល់យោបល់ផែនការ​គោលនយោបាយ និងការអភិវឌ្ឍន័ និងការអភិវឌ្ឍសេវាដឹកជញ្ជូនតាមផ្លូវអាកាស។

ក្នុងនោះដែរលោករដ្ឋលេខាធិការបានបានផ្ដល់អនុសាសន៍មួយចំនួន ដល់យុវជនអាស៊ីអាគ្នេយ៍រួមមាន ដើម្បីលើកកម្ពស់មុខមាត់របស់កម្ពុជា លើឆាកអន្តរជាតិ៖

* ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ សុជីវធម៌សង្គមល្អ ឆន្ទៈម្ចាស់ការ ភក្ដីភាព មោនសិការ និងវប្បធម៌ តំណាងជាតិ។
* ជួយផ្សព្វផ្សាយ នូវអរិយធម៌ វប្បធម៌របស់កម្ពុជាដល់បណ្ដាប្រទេស។
* ក្រេបជញ្ជក់រៀនសូត្រ ដកបទពិសោធន៍ពីយុវជនមកពីប្រទេសផ្សេងៗ មានវប្បធម៌ ប្រពៃណី ការរីកចម្រើន។ល។
* ត្រូវមានសាមគ្គីភាពជួយគ្នាទៅវិញទៅមកទាំងសំភារៈ និងស្មារតីក្នុងថេវេលា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី​៤៤។

ក្នុងនោះផងដែរ លោក ម៉ៅ ហាវណ្ណាល់ ក៏បានឧបត្ថម្ភជាថវិកាចំនួន២លានរៀល ជូនដល់ប្រតិភូយុវជន ដែលនឹងចេញទៅចូលរួម ក្នុងកម្មវិធីនាវាយុវជនអាស៊ី អាគ្នេយ៍ និងជប៉ុនលើកទី៤៤។

លោក ផាន់ សុភា ប្រធានប្រតិភូនាវាយុវជនកម្ពុជា បានឲ្យដឹងថា ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅឆ្នាំ២០១៧នេះ មានរយៈពេល៥២ថ្ងៃ ដែលនឹងចាប់ចេញដំណើរពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ។ ក្នុងកម្មវិធីនេះ នាវានឹងចេញដំណើរពីប្រទេសជប៉ុន មកចូលចតនៅប្រទេសប្រទេសអាស៊ាន ចំនួន៤រួមមាន៖ ប្រទេស កម្ពុជា ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ទើបត្រលប់ទៅកាន់ប្រទេសជប៉ុនវិញ។

តាមរយៈកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ បានផ្តល់ឱកាសដល់ប្រទេសកម្ពុជា ក្នុងបង្កាញនូវប្រពៃណី វប្បធម៌របស់ខ្លួនដល់យុវជនមក ពីបណ្តាលប្រទេសអាស៊ាន និងជប៉ុន។ ហើយនៅក្នុងឆ្នាំនេះដែល ប្រតិភូយុវជនកម្ពុជា បានជ្រើសរើសយកនូវប្រធានបទ ស្តីពី ការស្លៀកពាក់ និង ការតុបតែង ដោយបង្កើតខ្សែវីដេអូមួយ បង្ហាញពី ការស្លៀកពាក់តុបតែង ចាប់ពីសម័យ ហ្វូណន ចេនឡា ចតុមុខ សម័យអង្គរ ឧត្តុង្គ សម័យទស្សវត្សទី ៦០ និងរហូតមកដល់បច្ចុប្បន្ននេះ៕