(ភ្នំពេញ)៖ លោក មាស រិទ្ធី អគ្គនាយករង នៃស្ថានីយ៍ទូរទស្សន៍ហង្សមាស បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារសម្លាប់តារាចម្រៀង សាន ស្រីឡៃ គឺជាប្តីរបស់ខ្លួន ដែលករណីឈានដល់ការបាញ់ប្រហារនេះកើតឡើងដោយសារភ្លើងប្រច័ណ្ឌ។ បច្ចុប្បន្នតារាចម្រៀង សាន ស្រីឡៃ មានកូនពីរនាក់ (​ប្រុសទាំងពីរម្នាក់អាយុ៦ឆ្នាំ ម្នាក់អាយុ៨ឆ្នាំ) ចំណែកម្តាយជាស្រ្តីមេម៉ាយ។ ចំណែកខ្មាន់កាំភ្លើងជាប្តី មានស្រុកកំណើតនៅខេត្តព្រៃវែង។

លោក មាស រិទ្ធី បានបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ហង្សមាស នឹងចំណាយថវិកាទាំងស្រុងលើការៀបចំបុណ្យសពតារាចម្រៀង សាន ស្រីឡៃ ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២។ នៅពេលនេះក្រុមការងារមួយក្រុមរបស់ក្រុមហ៊ុន បាននឹងកំពុងរៀបចំកិច្ចការផ្សេងៗដូចជា ជួយចាត់ចែងរថយន្តដឹកសព និងចាត់ចែងការងារបុណ្យសពនៅវត្តសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកសាកសពខ្មាន់កាំភ្លើងដែលជាអតីតប្តី ត្រូវបាន​បញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តព្រៃវែង។

សូមជំរាបថា អំពើឃាតកម្ម​បាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាន ស្រីឡៃ ចំនួន៣គ្រាប់បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុង​មន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ជនដៃដល់ត្រូវបានសមត្ថកិច្ចអះអាងថា ជាប្ដីរបស់ស្ដ្រីរងគ្រោះ ហើយបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន។

ជនដៃដល់ដែលបាញ់សម្លាប់ សាន ស្រីឡៃ រួចបាញ់សម្លាប់ខ្លួនឯងបណ្ដាលឲ្យ ដេកស្លាប់ក្បែរស្ដ្រីរងគ្រោះនោះ មានឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ហើយបច្ចុប្បន្នជាមន្ដ្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច៕