(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំប្រតិភូ មកទទួលនូវទេយ្យទានមានជាគ្រឿងឧបភោគ បរិភោគ សម្ភារ និងបច្ច័យសរុបប្រមាណជាង៧លានរៀល ពីព្រះមង្គលរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឬស្សីកែវ ព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាចៅអធិការ ដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តញាណរង្សី ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ តាមរយៈប្រធានការិយាល័យធម្មការ និងសាសនាខណ្ឌ លោក អ៊ំ សំបូរ និងប្រធានការិយាល័យធម្មការ និងសាសនា រាជធានីភ្នំពេញ ដើម្បីត្រៀមបន្តចែកជូនជួយសង្គ្រោះដល់ជនងាយរងគ្រោះទូទៅ។

ព្រះមង្គលរក្ខិត បណ្ឌិត ខឹម សម្បត្តិ បានមានសង្សដីកាថា គ្រឿងឧបភោគ បរិភោគ និងសម្ភារ ដែលបានប្រគេនជូនគណៈប្រតិភូក្រសួងធម្មការ និងសាសនា រួមមាន៖ អង្ករ១តោន ទឹកសុទ្ធ១០កេស ទឹកក្រូច៥កេស ទឹកត្រី១០យួរ ទឹកស៉ីវ១០យួរ ត្រីខ១០យួរ មី១០កេស ស្ករស៣០គីឡូ ទឹកដោះគោខាប់២០កំប៉ុង តែ២០០កញ្ចប់ បាឡុង២សំរាប់ និងបច្ចយ័៤.០០០.០០០រៀល(បួនលានរៀល) ដោយសរុបជាបច្ច័យរួមទាំងអស់ចំនួន ៧.៥៤០.០០០រៀល(៧លាន៥សែន៤ម៉ឺនរៀល) ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រ ពីពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន ដើម្បីយកមករក្សាត្រៀមទុក បន្តចែកជូនជនក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ពិសេសដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើន លូតលាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស្ស័យ។

ក្នុងឱកាសប្រគល់ និងទទួលបច្ច័យ សម្ភារ និងគ្រឿងឧបភោគបរិភោគ ខាងលើនេះ លោកទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងថា លោកនឹងសន្យាបន្តពាំនាំយកនូវបច្ច័យ សម្ភារ រួមជាមួយគ្រឿងឧបភោគបរិភោគ ដែលព្រះមង្គលរក្ខិត បណ្ឌិត ខឹម សម្បត្តិ បានឧបត្ថម្ភមក ដើម្បីបន្តចែកជូនទៅដល់ប្រជាពលរដ្ឋ មានទាំងអ្នកជំងឺរ៉ាំរ៉ៃចាស់ជរា ពិការភាព ទុរគតជនទីទាល់ក្រ គ្មានទីពឹងជួលផ្ទះគេ ចាំផ្ទះឲ្យគេ បុណ្យសពតាមទីវត្តអារ៉ាម ឫជួបឧបត្តវហេតុផ្សេងៗ «ពោលគឺជនងាយរងគ្រោះ» ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយស្របតាមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងទៀតថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ព្រះមង្គលរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ព្រះប្រធានសហគមន៍នគកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ដោយបានផ្ដល់ជូននូវវប្បធម៌ ចែករំលែក មកដល់ក្រសួង ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ»៕